ប្រទេសថៃ: ពលករទេសន្តរប្រវេសន៍ជាង ២លាននាក់ ត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩​ — មានដំណឹងល្អមួយសម្រាប់ពលករទេសន្តរប្រវេសន៍ជាង ២លាននាក់នៅក្នុងប្រទេសថៃ បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការស្តីពីគោលនយោបាយគ្រប់គ្រងពលករទេសន្តរប្រវេសន៍ បានយល់ព្រមអនុញ្ញាតឱ្យពលករទេសន្តរប្រវេសន៍មកពីប្រទេសកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ដែលមានលិខិតអនុញ្ញាតឱ្យធ្វើការងារត្រូវផុតកំណត់នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ អាចចុះឈ្មោះដើម្បីបន្តការងាររបស់ពួកគេបានដោយមិនចាំបាច់ចាកចេញពីប្រទេសថៃ។

លោក Prawit Wongsuwan ឧបនាយករដ្ឋមន្រ្តីថៃ បានធ្វើជាអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការស្តីពីគោលនយោបាយគ្រប់គ្រងពលករទេសន្តរប្រវេសន៍ ដែលបានអនុម័តសេចក្តីណែនាំស្តីពីការគ្រប់គ្រង ពលករទេសសន្តរប្រវេសន៍នៅក្នុងឆ្នាំ ២០១៩-២០២០ ។
សេចក្តីណែនាំនេះបានអនុញ្ញាតឱ្យពលករទេសន្តរប្រវេសន៍ចំនួន ២.០៥៦.៤៦៧នាក់ មកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមានលិខិតអនុញ្ញាតការងារមិនទាន់ផុតកំណត់ ដោយមិនរាប់បញ្ចូលទាំងពលករទេសន្តរប្រវេសន៍តាមរយៈប្រព័ន្ធអនុសារណៈយោគយល់គ្នា និងអ្នកដែលមានលិខិតឆ្លងដែន ឬឯកសារដែលត្រូវបានប្រើដើម្បីជំនួសលិខិតឆ្លងដែនដែលនៅមានសុពលភាពនៃកាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតិស្នាក់នៅបណ្តោះអាសន្ន ដែលត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្រោមអនុស្សរណៈនៃការយោគយល់ (MOU) ដោយមិនចាំបាច់ចាកចេញពីព្រះរាជាណាចក្រថៃឡើយ។

ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងព្រះរាជាណាចក្រថៃមិនលើសពីរយៈពេលពីរឆ្នាំទេ។ លិខិតអនុគ្រោះនីមួយៗ អនុញ្ញាតឱ្យពួកគេស្នាក់នៅក្នុងព្រះរាជាណាចក្រថៃក្នុងរយៈពេលមិនលើសពីមួយឆ្នាំឡើយ។

ពលករទេសន្តរប្រវេសន៍ត្រូវបានបែងចែកចេញជាពីរក្រុម ដែលក្រុមទីមួយមានចំនួន ៥៨៧.៥៣៣នាក់ ជាពលករទេសន្តរប្រវេសន៍ដែលមានលិខិតអនុញ្ញាតការងារផុតកំណត់មុនថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ដែលនឹងត្រូវបានអនុញ្ញាតឱ្យធ្វើការរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ ហើយក្រុមទីពីរមានចំនួន ១.៤៦៨.៩៣៤នាក់ ដែលមានលិខិតអនុញ្ញាតការងារផុតកំណត់ចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ដែលនឹងត្រូវបានអនុញ្ញាតអោយធ្វើការរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២។

សម្រាប់ពលករទេសន្តរប្រវេសន៍ដែលមិនចង់ស្នាក់នៅក្នុងព្រះរាជាណាចក្រថៃ ត្រូវតែវិលត្រឡប់ទៅកាន់ប្រទេសដើមវិញនៅចុងបញ្ចប់នៃលិខិតអនុញ្ញាតការងារ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសថៃម្តងទៀត ពួកគេត្រូវតែត្រឡប់ទៅប្រទេសថៃដោយស្របច្បាប់ ឬទៅតាមរយៈប្រព័ន្ធអនុស្សារណៈយោគយល់ប៉ុណ្ណោះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)