អភិបាលខេត្ដព្រះសីហនុ អញ្ជើញសម្ពោធសមាគមពាណិជ្ជករចិនខេត្តស៊ីឈួន ប្រចាំខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ -ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បាន​អញ្ជើញចូលរួមសម្ពោធសមាគមពាណិជ្ជករចិនខេត្តស៊ីឈួននៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តព្រះសីហនុ នៅសណ្ឋាគារព្រីនស៍ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះ សីហនុ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ។

លោក វៃ ហុងបូ ប្រធានសមាគមពាណិជ្ជករចិនខេត្តស៊ីឈួន ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា ការបង្កើតសមាគមពាណិជ្ជករស៊ីឈួនសាខាខេត្តព្រះសីហនុ ប្រចាំកម្ពុជា ផ្ដោត​លើចក្ខុវិស័យសម្រាប់ក្រុមហ៊ុន និងអាជីវកម្មរបស់ខេត្តស៊ីឈួននៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ដថា សមាគមពាណិជ្ជករស៊ីឈួនប្រចាំកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ២០១៧ នៅ​រាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីពង្រឹងសាមគ្គីភាពរបស់សហគ្រិន និងសហគ្រាស​ខេត្តស៊ីឈួននៅទូទាំងប្រទេសកម្ពុជា ដើម្បីកសាងស្ពាន មេត្រី សម្រាប់សេដ្ឋកិច្ចសង្គម និង​កិច្ចសហប្រតិបត្តិការនានារវាងប្រទេសកម្ពុជា និងខេត្តស៊ីឈួន។ លោកបានបន្ដថា ការបើក​សមាគមសភាពាណិជ្ជករ ស៊ីឈួនសាខាខេត្តព្រះសីហនុ ជាជំហានថ្មីមួយទៀត និងមាន​អត្ថន័យ​ជាប្រវត្តិសាស្ត្រ សម្រាប់សភាពាណិជ្ជករខេត្ដស៊ីឈួនប្រចាំកម្ពុជា នៅក្នុងខេត្ត​ព្រះសីហនុ ដែលមានសហគ្រាស និងបងប្អូនខេត្តស៊ីឈួនជាច្រើន បង្កើតជាគ្រួសារថ្មី​មួយ​សម្រាប់បងប្អូនខេត្តស៊ីឈួនទាំងអស់គ្នា។ លោកបន្តទៀតថា សមាគមសភាពាណិជ្ជករ​ស៊ីឈួន​សាខាខេត្តព្រះសីហនុ ប្រកាន់ភ្ជាប់នូវគោលនយោបាយ ខ្សែក្រវាត់មួយ វិថីមួយ ដោយ​សាមគ្គីជាធ្លុងមួយ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសម្រាប់បងប្អូនស៊ីឈួន ក្នុងខេត្ត​ព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ផ្អែកលើគោល​នយោបាយផ្លូវមួយ ខ្សែរក្រវាត់មួយ របស់ប្រធានាធិបតីចិន ស៊ី ជីងពីង និងគោលនយោ បាយ​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ច​កម្ពុជា មានការលូតលាស់។ ឯកឧត្ដមបានបញ្ជាក់ថា ផ្ដើមចេញពីគោលនយោបាយ​និងភាព​ជោគជ័យដែលយើងទទួលបាននាពេលនេះ ខេត្តព្រះ សីហនុ ក៏ជាចំណែកមួយដែលចាត់ទុក ថា មានការរីកលូតលាស់ខ្លាំងជាងគេ ក្រោមគោលនយោបាយ នៃប្រទេសទាំងពីរ ខេត្តរបស់​យើងទទួលបានអ្នកវិនិយោគគិនមកពីប្រទេសចិន ពិសេសមកពីខេត្តស៊ីឈួន កំពុងជំរុញ​ឱ្យចូលរួមការវិនិយោគនៅខេត្តព្រះសីហនុ មានការរីកលូតលាស់ ហើយប្រជា ជនរស់នៅ​ក្នុង​ខេត្តព្រះសីហនុ ក៏ទទួលបានផលផ្លែផ្កាដូចគ្នា។

ឯកឧត្តមអភិបាលខេត្តក៏បានស្នើ​សុំប្រធាន​សមាគមថ្មី បន្តកិច្ចសហការល្អថែមទៀត ដើម្បីជំរុញដំណើរការវិនិយោគរបស់អ្នកវិនិយោគ​មកពីខេត្តស៊ីឈួន អនុវត្តន៍តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ព្រោះនៅពេលនេះ យើង​បានរស់នៅលើទឹកដីមួយជាមួយគ្នា យើងធ្វើសកម្មភាពនៅកន្លែងតែមួយជាមួយគ្នា ដូច្នេះ​យើង​ចាំបាច់មានការឈ្វេងយល់ពីគ្នាទៅវិញទៅមកឱ្យបានល្អ ទាំងច្បាប់ វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីជាការចែករំលែកឱ្យមានប្រសិទ្ធភាព។ ឯកឧត្ដមបាន​បន្ថែម​ថា តួនាទីរបស់សមាគម ចាំបាច់ផ្សព្វផ្សាយ ចែករំលែកអ្វីដែលប្រជាជនខេត្តព្រះសីហនុ ជូន​ទៅដល់បងប្អូនអ្នកវិនិយោគិនមកពីខេត្តស៊ីឈួន ចែករំលែកវប្បធម៌ និងប្រពៃណីអ្វី​ដែល​ខ្លួន​មានដល់ប្រជាជនខេត្តព្រះ សីហនុ ឱ្យបានដឹង បានស្គាល់ផងដែរ ឱ្យយើងមានការយល់ដឹង​ពី​គ្នាទៅវិញទៅមក យើងពិតជាអាចរស់នៅក្នុងសហគមន៍មួយដែលមានភាពសុខដុមរមនា។

ជាមួយគ្នានេះដែរ ឯកឧត្ដមបានចាត់ទុកថា ការចែករំលែកគឺពិតជាមានសារៈសំខាន់​ណាស់ ដែលសមាគម ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ ចែករំលែកឱ្យបានច្រើន​ដល់ប្រជា​ជន​ទាំងពីរ បានឆាប់យល់ពីគ្នា និងចែករំលែកប្រពៃណី វប្បធម៌ ច្បាប់ និងការរស់នៅប្រចាំថ្ងៃ។

ក្រៅពីនេះ ក៏មានបញ្ហាប្រឈមអំពីសំរាម ដែលកើតឡើងដោយសារមនុស្ស​ជាអ្នក​បង្កើតវា ប្រសិនបើយើងមានការយល់ដឹងពីបញ្ហាប្រឈមនេះ គឺយើងចូលរួមទាំងអស់គ្នា​ក្នុងការគ្រប់គ្រងសំរាមឱ្យបានល្អ និងកាត់បន្ថយបញ្ហាសំរាមនៅក្នុងក្រុងព្រះ សីហនុរបស់​យើងបានកាន់តែច្រើនថែមទៀត។ ឯកឧត្ដមអភិបាលខេត្ដបានលើកឡើងដែរថា កន្លងមក រដ្ឋ បាលក្រុងបានធ្វើការផ្សព្វផ្សាយអំពីការប្រមូល និងដឹកជញ្ជូនសំរាមចេញ ក៏ប៉ុន្តែ វាពិតជា​មិន​អាចទៅដល់បងប្អូនសមាគមស៊ីឈួនបានដឹង ពួកគេមិនអាចយល់អំពីកម្មវិធីប្រមូលសំរាម ហើយសំរាមត្រូវបានបោះចោលនៅតាមដងផ្លូវសាធារណៈនានា។ ដូច្នេះយើងរួមគ្នាសម្អាត​ទីក្រុង​របស់​យើង ឱ្យស្អាតជាងមុន ចាំបាច់ត្រូវធ្វើការចែករំលែកទាំងការងារសន្តិសុខ ការងារ​អភិវឌ្ឍន៍ ការងារមនុស្សធម៌ ទើបមានការចូលរួមអនុវត្តន៍បានល្អ  យើងជឿជាក់ថា សមាគម​ខេត្តស៊ីឈួន និងផ្ដល់ក្តីស្រឡាញ់ដល់ខេត្តព្រះសីហនុ និងកសាងភាពរុងរឿងនៅលើទឹកដី​ខេត្តព្រះសីហនុ ក្នុងគោលដៅយូរអង្វែង ប្រកបដោយចីរភាព ៕

ដោយ ងូ សុមុនី