អភិបាលខេត្ដបាត់ដំបង អញ្ជើញចូលរួម ក្នុងវេទិកាសាធារណៈ នៅក្នុងក្រុងបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ -ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់​កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា នៅបរិវេណវត្តខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ និងបងប្អូនប្រជាពលរដ្ឋប្រមាណ៤០០ នាក់។ វេទិកានេះ ធ្វើឡើង កាលពីរសៀលថ្ងៃព្រស្បតិ៍ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋានក្រុងបាត់ដំបង បានថ្លែងនូវការសន្យាយ៉ាងមុតមាំ នៅចំពោះមុខប្រជាពលរដ្ឋ​ដែល​បានចូលរួមនៅក្នុងអង្គវេទិកាថា អាជ្ញាធរខេត្តបាត់ដំបង នឹងខិតខំរិះរកដំណោះស្រាយ ក្នុងការផ្តល់នូវផ្លូវក្រាលកៅស៊ូ ឬបេតុងមួយខ្សែសម្រាប់ជាចំណងដៃដល់ប្រជាពលរដ្ឋក្នុង សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង នៅក្នុងឆ្នាំ២០២០ខាងមុខនេះ។ ការសន្យាផ្តល់ផ្លូវមួយ​ខ្សែខាងលើនេះ ឯកឧត្តមអភិបាល មើលឃើញពីតម្រូវការយ៉ាងពិតប្រាកដក្នុងចំណោមបញ្ហា​ដែលបងប្អូនបានលើកជាសំណួរនិងសំណូមពរចាំបាច់ជាច្រើន និងយ៉ាងផុលផុសដើម្បីឱ្យ​អាជ្ញាធររដ្ឋបាលពាក់ព័ន្ធ និងបណ្តាស្ថាប័នមន្ទីរ និងអង្គភាពជំនាញជួយដល់ពួកគាត់ ដែល​ជាតម្រូវការចាំបាច់ និងដោយទទូចដែលពួកគាត់បានចូលរួម នៅក្នុងវេទិកានាថ្ងៃនេះ ។

ឯកឧត្តមបានធ្វើការវាយតម្លៃពីគន្លឹះបញ្ហាទាំងឡាយដែលបងប្អូនប្រជាពលរដ្ឋលើកឡើងនៅក្នុងអង្គវេទិកាថ្ងៃនេះប្រកបដោយស្មារតីយោគយល់ ស្មោះត្រង់ចំបញ្ហាដែលជាតម្រូវ ការពិតប្រាកដរបស់មូលដ្ឋាន និងជាប្រយោជន៍សាធារណៈក្នុងសង្កាត់របស់ខ្លួន។ តាមរយៈ នៃអង្គវេទិកានេះផងដែរ ឯកឧត្តមអភិបាលខេត្ដ ក៏បានធ្វើការសរុបនូវបញ្ហាលើកឡើងរបស់​បងប្អូន ដោយក្នុងនោះក្រៅពីផ្លូវ ទឺក និង ភ្លើង គឺបងប្អូនបានលើកពីបញ្ហាសេវារដ្ឋបាល​ពាក់​ព័ន្ធទៅនឹងអត្តសញ្ញាណប័ណ្ណ  បញ្ហាសង្គមពាក់ព័ន្ធគ្រឿងញៀន  អំពើហិង្សា និង បញ្ហា​ផ្សេងៗ ៕

ដោយ ណយ នឿន (ប្រភពរដ្ឋបាលខេត្តបាត់ដំបង )