អភិបាលខេត្តបន្ទាយមានជ័យរម្លឹកដល់ប្រជាពលរដ្ឋឱ្យចូលរួមថែទាំផ្លូវ

AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ -ក្នុងឱកាសចុះពិនិត្យការជួសជុលផ្លូវលំ​១ខ្សែប្រវែងជាង១០គីឡូម៉ែត្រ តភ្ជាប់ពីសង្កាត់​ព្រះពន្លា ទៅសង្កាត់ភ្នៀតក្នុងក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ អភិបាលខេត្តបន្ទាយ​មានជ័យ​បានក្រើនរម្លឹកប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់ថែទាំផ្លួវដែលបានស្ថាបនាហើយ​ដើម្បីធានា​ដល់ការប្រើប្រាស់បានយូរអង្វែង។

ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវកំពុងធ្វើការ​ជួសជុលដោយក្រាលគ្រួសក្រហមនៅភូមិកន្ទួតសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ កាលពីថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ រាត្រី ត្រូវបាន​ទទួលការស្វាគមន៍សាទរពីប្រជាពលរដ្ឋ ដែលបានជួយដោះស្រាយឆ្លើយតបទៅនឹងសេចក្តី​ត្រូវការរបស់ពួកគាត់ដែលចង់បានផ្លូវល្អ ស្រួល ក្នុងការធ្វើចរាចរណ៍ទៅមកដឹកកសិផលមក​កាន់ទីផ្សារបានលឿននោះ។ ឯកឧត្ដមបាន​ បញ្ជាក់ជូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជាយើងជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជា​ ដែល​មានសម្ដេចអគ្គមហាសេនាបតីតេជោ  ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ បានប្រឹងប្រែង​ផ្ដោត​ ​ការ​យកចិត្តទុកដាក់​លើការអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់​វិស័យ។ ក្នុងនោះ​ផ្លូវ​ថ្នល់ជាវិស័យអាទិ​ភាព​​នោះ​មិន​ថា​ផ្លូវជាតិ​​ផ្លូវលំនៅ​គ្រប់​ទីកន្លែង​​នោះ​ទេ​ ត្រូវ​បាន​ស្ថាបនា​ពី តំបន់ដែល​គ្មាន​ផ្លូវ​ ទៅជាមាន​ផ្លូវ​ ក្រាល​គ្រួស​ក្រហម​ ​ប្រែក្លាយ​​​ទៅ​ជា​ផ្លូវ​បេតុង ​ឬ​កៅ​ស៊ូ​ផ្សារភ្ជាប់​ពីទី​ជនបទ​មក​ទី​​​ប្រជុំជនខេត្តស្រុកក្រុងដែល ​​ឆ្លើយតបទៅនឹង​​អនុសាសន៍សម្តេច តេជា​​មាន​ផ្លូវ​​មាន​ក្តី​សង្ឃឹម​។​

ឯកឧត្តមអភិបាលខេត្ដបានបន្ដថា អាជ្ញាធរខេត្តបន្ទាយមានជ័យបាន និងកំពុងប្រឹង ប្រែងបន្តធ្វើការជួសជុលស្ថាបនាផ្លូវថ្នល់ដែលបានរងការខូចខាតនៅគ្រប់ទីកន្លែង ចាប់តាំង​ពីទីប្រជុំជនរហូត​ដល់ទីជនបទដាច់ស្រយាលឱ្យមានភាពល្អប្រសើរឡើងវិញ​ដើម្បីឆ្លើយតប ទៅនឹងសំណូមពរ​សេចក្តីត្រូវការ​របស់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ទៅមកបានលឿន​នោះ៕

ដោយ ឈុន សារ៉ាត

​    ​