អាស៊ានត្រូវត្រៀមទប់ទល់នឹងសកម្មភាពភេរវកម្មដែលអាចនឹងកើតមានឡើង

ថៃ៖ រដ្ឋមន្រ្តីការពារប្រទេសរបស់ប្រទេសសឹង្ហបុរី លោក អ៊ិនស៊ី អ៊ឹងហេន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះ ថា ប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍  ហៅកាត់ថា អាស៊ាន ត្រូវតែត្រៀមទប់ទល់នឹងសកម្មភាពភេរវកម្ម ដែលអាចនឹងកើតមានឡើងនៅក្នុងតំបន់ ។

លោករដ្ឋមន្រ្តីការពារប្រទេសរបស់ប្រទេសសឹង្ហបុរី បានថ្លែងបែបនេះ នៅក្រៅកិច្ចប្រជុំលើកទី​១៣ របស់រដ្ឋមន្រ្តីការពារប្រទេសអាស៊ាន នៅថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុងបាងកក ប្រទេសថៃ  ដែលក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការពារប្រទេសអាស៊ាន បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខឲ្យកាន់តែមាននីរន្តរភាព  និងបានទទួលស្គាល់ពីសារៈសំខាន់នៃការផ្តួចផ្តើមគំនិត ដែលអាស៊ានបានលើកឡើង  ក្នុងគោលបំណងពង្រឹងសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ។

លោករដ្ឋមន្រ្តីការពារប្រទេសរបស់ប្រទេសសឹង្ហបុរី  បានបញ្ជាក់ថា បើទោះជាកាលពិដើមខែកក្កដានេះ  ប្រទេសឥណ្ឌូនេស៊ីបានចាប់ខ្លួន មេដឹកនំារបស់បណ្តាញក្រុមជីវពលយ៉េម៉ាអា ឥស្លាមីយ៉ា ក៏ដោយ   ក៏សកម្មភាពភេរវកម្ម បានចូលមកក្នុងតំបន់រួចទៅហើយ ។​

អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា   (១២.០៧.១៩)