អាជ្ញាធរខេត្តសៀមរាបរៀបចំកម្មវិធីឈ្វេងយល់បុណ្យអាសាឡ្ហបូជាលើកដំបូង

AKP សៀមរាប ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ -ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងក្រុមហ៊ុនផ្កាឈូក សហការជាមួយរដ្ឋបាលខេត្ត សៀមរាប បានរៀបចំកម្មវិធី«ឈ្វេងយល់​ពីបុណ្យអាសាឡ្ហបូជា» ដើម្បីបញ្ជ្រាបការយល់ដឹង ដល់ពុទ្ធសាសនិក លើវិស័យព្រះពុទ្ធ​សាសនា។ កម្មវិធីនេះប្រារព្ធឡើងនៅឧបដ្ឋានសាលាវត្ត រាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការរៀបចំ កម្មវិធី ឈ្វេងយល់បុណ្យអាសាឡ្ហបូជានេះពេលនេះ គឺបានបង្ហាញអំពីព្រះទ័យ និងទឹកចិត្តដ៏ល្អ និង​ជាគំរូរបស់ព្រះតេជគុណ ព្រះថេរានុត្ថេរៈ ពុទ្ធបរិស័ទទាំងអស់ ដែលជាអ្នកស្រឡាញ់ ព្រះពុទ្ធ សាសនា ក្នុងការលើកតម្លៃលើគុណធម៌ និងជនជាទីសក្ការៈធំធេងចំពោះជាតិ និងសាសនា ក្នុងបំណងពង្រឹង និងលើកកម្ពស់សាសនាព្រះពុទ្ធឱ្យបានរីកចម្រើនខ្លាំងក្លា តាមពុទ្ធប្បញ្ញត្តិ និងព្រះពុទ្ធោវាទសំដៅធ្វើការអភិរក្ស និងអភិវឌ្ឍន៍នូវសាសនាជារបស់រដ្ឋយើងនេះ សម្រាប់​ជាគ្រឿងអប់រំចរិយាធម៌ និងការធានានូវសាមគ្គីភាពប្រជាជាតិ ដោយហេតុថា មូលធន នៃព្រះពុទ្ធសាសនា គឺជាកម្លាំងដ៏ចំបាច់របស់ប្រទេសស្របតាមឆន្ទៈ ដ៏មោះមុត របស់រាជ​រដ្ឋាភិបាល ដែលតែងតែខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍន៍សង្គម ជាតិមួយ ប្រកប​ដោយសុខសន្តិភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ក្រុមហ៊ុនផ្កាឈូក សាលាគណខេត្ត សូមបន្តឱ្យ មានកម្មវិធីឈ្វេងយល់ពីបុណ្យអាសាឡ្ហបូជានេះ នៅឆ្នាំក្រោយៗទៀត ដើម្បីជាលំអាន​សម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយរបស់យើងបានយល់ជ្រួតជ្រាបកាន់តែច្បាស់​អំពី​គុណតម្លៃ នៃព្រះពុទ្ឋសាសនា ដែលជាសាសនារបស់រដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរ​ខេត្ត​នឹងដាក់ផ្ទាំងប៉ាណូរូបភាពសំខាន់ៗរបស់ព្រះពុទ្ធបរមគ្រូនៅតាមដងផ្លូវ​សាធារ​ណៈ​សំខាន់ៗ​ក្នុងក្រុងសៀមរាបដើម្បីជាលើកកម្ពស់អំពីគុណតម្លៃនៃព្រះពុទ្ធសាសនារបស់យើង។

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាឧត្តម ទីប្រឹក្សា គណៈសង្ឃនាយក ជាសមាជិកថេរៈសភាសង្ឃ និងជាព្រះចៅអធិការវត្តរាជបូណ៌ បានសង្ឈដីការថា បុណ្យអាឡ្ហបូជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា គឺរម្លឹកដល់ ព្រឹត្តិការណ៍ទាំង ៥ របស់ព្រះពុទ្ធ ជាម្ចាស់ ថ្ងៃដែលទ្រង់ចុះចាប់បដិសន្ធិ ថ្ងៃទ្រង់ចេញបួស ថ្ងៃទ្រង់សម្តែងបឋមទេសនា ព្រមទាំងបង្កើត ភិក្ខុសង្ឃជាលើកដំបូង និងថ្ងៃសម្តែង យមកប្បាដិហារ្យ។ បុណ្យអាសាឡ្ហបូជា ដែលនឹងប្រារព្ធឡើងក្នុងឆ្នាំ២០១៩នេះ គឺដើម្បីរម្លឹក នឹកដល់ថ្ងៃខួបនៃការចុះចាប់បដិសន្ធិគម្រប់២៦៤៣ឆ្នាំខួបការចេញបួសគម្រប់២៦១៤ឆ្នាំខួបថ្ងៃសម្តែងបឋមទេសនានិងកំណើតព្រះសង្ឃព្រមទាំងសម្តែងយមកប្បាដិហារ្យគម្រប់២៦០៨ឆ្នាំ។ ព្រះអង្គមានសង្ឈដីកាបន្តថា ជាធម្មតាក្នុងថ្ងៃ១៥កើត ខែអាសាឍ ប្រជាពុទ្ធបរិស័ទ តែងតែធ្វើ ដំណើរទៅវត្តអារាមណាមួយដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីចូលរួមក្នុងការ ប្រារព្ធពិធី មានការដើរ ហែប្រទក្សិណជុំវិញព្រះវិហារការថ្វាយផ្កាភ្ញី ការធ្វើបទមនស្ការព្រះ រតន​ត្រៃ ការស្តាប់ធម្មទេសនា ព្រមទាំងនាំយកនូវសំពត់សាដក និងទេយ្យទានផ្សេងៗ ដើម្បី ប្រគេនព្រះសង្ឃក្នុងឱកាសចូលព្រះវស្សាជាដើម៕

ដោយ ឃុត សៅ