ប្រតិភូស្ថានទូតចំនួន៣០ប្រទេស ប្រចាំប្រទេសថៃ អញ្ជើញមកទស្សនកិច្ចនៅ​ខេត្តបន្ទាយមានជ័យ និង​ ខេត្ដសៀមរាប

AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ -ប្រតិភូស្ថានទូតចំនួន៣០ប្រទេស ប្រចាំនៅក្នុងប្រទេសថៃប្រមាណ៤០នាក់ បានធ្វើដំណើរ​ឆ្លងដែនតាមច្រកអន្តរជាតិប៉ោយប៉ែតអញ្ជើញមកបំពេញទស្សនកិច្ចនៅលើទឹកដីខេត្តបន្ទាយមានជ័យ និងបន្តធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីពិនិត្យសិក្សាឈ្វេងយល់ពីភាពរីកចម្រើន​នៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិ​បាល​កម្ពុជា។ ការអញ្ជើញមកដល់ទឹកដីខេត្តបន្ទាយមានជ័យពីសំណាក់មន្រ្តី ស្ថានទូតចំនួន ៣០​ប្រទេសនោះ ធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍១០កើត​ខែអាសាឍ​ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩​ក្រោមការទទួលស្វាគមន៍យ៉ាងរាក់ទាក់​ពី​សំណាក់​អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី និងមន្ត្រីរាជការជាច្រើនទៀត នៅច្រកទ្វារអន្តរ​ជាតិប៉ោយប៉ែត។ ជាមួយគ្នានេះ ប្រតិភូមន្រ្តីស្ថានទូតក៏ត្រូវបានអញ្ជើញទៅ​ទស្សនា​ច្រកអន្តរជាតិ(ស្ទឹងបត់.បានណងអៀង)ដែលជាសមិទ្ធផលថ្មីរវាងកម្ពុជា​និងថៃក្នុងកិច្ច​សហប្រតិបត្តិការរួមគ្នាកសាងច្រកអន្តរ​ជាតិថ្មីនេះ ឡើងដើម្បីបម្រើលើវិស័យពាណិជ្ជ​កម្ម​សេដ្ឋ​កិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែល្អ​ប្រសើរថែម​ទៀត។

ច្រកអន្តរជាតិ(ស្ទឹងបត់បានណងអៀង)ទើបតែសម្ពោធតភ្ជាប់មុខតំណស្ពានពី សំណាក់​នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដមនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចារ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ។ ស្ពានថ្មឆ្លងដែន ច្រកអន្តរជាតិនេះមាន​ប្រវែង៦០៥ម៉ែត្រ​និងទទឹង១៧ម៉ែត្រ ចំណាយថវិកាសាងសង់ជាង២៦​លានដុល្លារអាម៉េរិក ក្រោមការ​កសាងដោយកងវិស្វកម្មថៃ។

ក្នុងឱកាសនោះ អភិបាលខេត្តបន្ទាយមានជ័យ​ឯកឧត្តម អ៊ុំ រាត្រី ក៏បានជម្រាបជូន ប្រតិភូស្ថានទូតទាំងនោះឱ្យដឹងថា ខេត្តបន្ទាយមានជ័យជាខេត្តដែលជាប់ព្រំដែនកម្ពុជា-ថៃ កាលពីអតីតកាលជាសមរភូមិសង្រ្គាមក្តៅគគុក។ ឯកឧត្ដមបានបញ្ជាក់ថា ក្រោយពីប្រទេស​កម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ខេត្តបន្ទាយមានជ័យ​បាននិងកំពុងមានការអភិវឌ្ឍ​រីកចម្រើនគ្រប់​វិស័យ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយដោយប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិឌ្ឍឱ្យរីកចម្រើន។

ឯកឧត្ដមអភិបាលខេត្ដបានលើកឡើងទៀតថា ខេត្តបន្ទាយមានជ័យមានស្រុក ​ក្រុង​ចំនួន៩ ដោយមានច្រកអន្តរជាតិពីរ និងច្រកតំបន់ព្រំដែនចំនួនពីរ រវាងកម្ពុជា និងថៃ។ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យភាគច្រើនប្រកបមុខរបរកសិកម្មបច្ចុប្បន្ននេះខេត្តមានសក្តានុពលផ្នែកកសិកម្មជាពិសេសលើដំណាំឧស្សាហកម្ម។

បើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តមអភិបាលខេត្ដបានឱ្យដឹងថា ប្រតិភូស្ថានប្រចាំនៅក្នុង​ប្រទេស​ថៃមក​ទស្សនកិច្ចខេត្តបន្ទាយមានជ័យ​និងខេត្តសៀមរាបគឺតបតាមការអញ្ជើញរបស់​ឯកអគ្គរាជ​ទូតកម្ពុជាប្រចាំប្រទេសថៃ។ ទន្ទឹមនេះ ប្រតិភូស្ថានទូតទាំងនោះក្រោយ​ពីត្រឡប់​ពីទស្សនកិច្ចនៅខេត្តសៀមរាបរួចហើយនោះគឺនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ ​គ្រោងនឹងត្រឡប់​មកទឹកដីខេត្តបន្ទាយមានជ័យវិញ ដើម្បីពិនិត្យ និងឈ្វេងយល់នៃសង្វាក់​ផលិត​កម្ម​នៅក្នុងរោងចក្រកិនស្រូវ មួយកន្លែងនៅចំណុចឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ហើយបន្តដំណើរទៅកាន់​ប្រទេសថៃវិញ៕

ដោយ ឈុន សារ៉ាត