ប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងក្រុងបាត់ដំបងចំនួន១.១១០ គ្រួសារ បានទទួល អង្ករ មនុស្សធម៌

វិទ្យុជាតិកម្ពុជា៖ដោយលោក សាន់ ឈង ៖

​   ខេត្តបាត់ដំបង ៖​ ប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងក្រុងបាត់ដំបង ចំនួន ១.១១០ គ្រួសារ ទទួលបានអង្ករ មនុស្សធម៌ ដោយក្នុង១គ្រួសារ ចំនួន ២០ គីឡូក្រាម តាមរយៈអង្គការ គាំពារសកលកម្ពុជា និង សមាគម បេសកជន ព្រះវិហារ ប៊ុនដាង ជុងអាង នៃសាធារណរដ្ឋកូរ៉េ។


ពិធីចែកអង្ករមនុស្សធម៌នេះ បានរៀបចំ ឡើងនៅ សួននាគសន្តិភាព ក្រុងបាត់ដំបង កាលពីរសៀល ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បាត់ដំបង លោក ឆេ ចុងឈន់ ប្រធានព្រះវិហារ ប៊ុនដាង ជុងអាង ប្រទេសកូរ៉េ .ព្រមទាំងមានការអញ្ជើញចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត .លោក អភិបាលក្រុង មន្រ្តីរាជការ និងបានការសម្របសម្រួល ពីលោក ចុង ក្វាងស៊ូ ប្រធានតំបន់ អង្គរការគាំពារសកលកម្ពុជា .កញ្ញា ជ័យ សុធារ៉ា ប្រធានអង្គការគាំពារសកលកម្ពុជា ។


ក្នុងពិធីចែកអង្ករមនុស្សធម៌នេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់ សប្បុរសជន សមាគមន៍បេសកជនព្រះវិហារ ប៊ុនដាង ជុងអាង ប្រទេសកូរ៉េ ដែលបានផ្ដល់នូវអង្ករជាអំណោយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងក្រុងបាត់ដំបងនាពេលនេះ ព្រមទាំង បានសម្តែងនូវការអបអរសាទរ ដល់ក្រុមសិល្បៈរបស់ប្រទេសកូរ៉េ និង សមាគមហ្វាពន្លឺសិល្បៈ ដែលបាន សម្តែង បង្ហាញអំពី វប្បធម៌ ប្រពៃណី ដ៏សម្បូរបែប និងបានលើកសរសើរចំពោះសកម្មភាព របស់អង្គការ ដែលមានបេសកកម្មការងារ មនុស្សធម៌ជួយដល់ ប្រជាពលរដ្ឋក្រីក្រនៅតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង កន្លងមក។


ឯកឧត្តម ងួន រតនៈ បានស្នើសុំដល់ សប្បុរសជន សមាគមន៍បេសកជនព្រះវិហារ ប៊ុនដាង ជុងអាង ប្រទេសកូរ៉េ បន្តការងារនេះ រួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជាការរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេសជាតិ បន្តទៀត៕