លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ​នឹងក្លាយ​ជាជន​បង្គោល និងជាគំរូដ៏ល្អ ក្នុងការចូលរួម​លុបបំបាត់ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ​នឹងក្លាយ​ជាជន​បង្គោល និងជាគំរូដ៏ល្អ ក្នុងការចូលរួមលុបបំបាត់ ទប់​ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក៏ដូច​ជាការពារ និងស្រោចស្រង់អាយុជីវិតមនុស្ស​ពីគ្រោះថ្នាក់ចរាចរ ជាពិសេសកុមារដែលជា​ទំពាំងស្នងឬស្សីរបស់សង្គមជាតិយើង ។ថ្លែងក្នុងពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សា​ច្រាំង​ចំរេះ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និងដឹកជញ្ជូន និង​ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន​គណៈ​កម្មាធិការ​ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា គម្រោងនេះតាំងពីដើម​រហូត​បាន​បញ្ចប់ដោយជោគជ័យលើការអនុវត្តគម្រោង “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ»​ដែល​ពិត​ជា​នឹងអាចជួយឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែល​រាជរដ្ឋា​ភិ​បាលកម្ពុជាកំពុងតែខិតខំយ៉ាងសស្រាក់សស្រាំ​ដើម្បីទប់ស្កាត់កាត់បន្ថយ​ឱ្យ​នៅកម្រិតទាប​បំផុត។ លោកជំទាវបានគូសបញ្ជាក់ថា តាមរយ:ការវាយតម្លៃបញ្ចប់គម្រោង​និងការ​សង្កេត​ជាក់ស្តែង ឃើញថាគម្រោងនេះពិតជាមានភាពស័ក្តិសិទ្ធិបំផុត ព្រោះយើងបានអប់រំ​បណ្តុះ​បណ្តាលពីឫសគល់នៃអ្នកប្រើប្រាស់ផ្លូវ គឺសិស្សសាលាបឋមសិក្សា ដើម្បីឱ្យយល់ដឹង​ហើយ​ឈានទៅគោរពឱ្យបានម៉ត់ចត់ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធាននានា សំដៅ​បញ្ចៀស​ឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ដែលជាគ្រោះភ័យមួយនៅក្នុងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ បើតាមការសិក្សាស្រាវជ្រាវក្នុងរបាយការណ៍ប្រព័ន្ធព័ត៌មានជនរង​គ្រោះ​ដោយគ្រោះថ្នាក់ចរាចរណ៍ ឃើញថាក្នុងចំណោមអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ មានកុមារប្រមាណ១០ភាគរយ។ លោកជំទាវបានអះអាងថា ផ្អែកលើហេតុផលនេះ ទើប​រាជរដ្ឋាភិបាលតាមរយ:ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់សំណើសុំគម្រោងនេះ ពីមូលនិធីសមាហរណកម្មជប៉ុន-អាស៊ាន ដើម្បីអប់រំកុមារ​នៃថ្នាក់បឋមសិក្សា ដើម្បីឱ្យក្មួយៗ​មានចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៏តាំងពី​កុមារភាព​បានជាមូលដ្ឋានរឹងមាំសម្រាប់ធានា​សុវត្ថិភាពរបស់កុមារបច្ចុប្បន្នផង និងកាន់តែច្បាស់លាស់​បន្ថែមនៅពេលដែលកុមារក្លាយ​ជាយុវជននិងក្លាយជាប្រជាពលរដ្ឋពេញលេញនៅថ្ងៃ​អនាគតអាចរួមចំណែកយ៉ាង​មានប្រសិទ្ធ​ ភាពក្នុងការទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ឱ្យនៅកម្រិតទាបបំផុត ឬលុបបំបាត់ តែម្តងតាមដែលអាចធ្វើបាន។ លោកជំទាវក៏បានជំរុញដល់ក្មួយៗ ត្រូវតែជួយបន្តណែនាំ​ដល់មិត្ត​ភក្តិ ក្រើនរម្លឹកបងប្អូន ឪពុកម្តាយ មាមីង លោកយាយ លោកតា ឱ្យគាត់ប្រុង​ប្រយ័ត្ន​ក្នុងពេលធ្វើដំណើរតាមដងផ្លូវ គឺកុំបើកបរលើសល្បឿនកំណត់ មុននឹងវ៉ាជែង ឬបត់ ឬឆ្លងផ្លូវ ត្រូវមើលឆ្វេងស្តាំ​ឱ្យច្បាស់​ប្រាកដថាមិនមានយានយន្តផ្សេងនៅខាងមុខ​ឬខាងក្រោយទេ។​

លោកជំទាវបានបន្ថែមថា កម្ពុជាពិតជាមានមោទនភាព ជាមួយនឹងការវាយតម្លៃខ្ពស់ ព្រមនឹងការថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ មូលនិធិរបស់​ប្រជាពលរដ្ឋ​និងរដ្ឋាភិបាល ជប៉ុន​សម្រាប់ការធ្វើសមាហរណកម្មអាស៊ាន ដែលបានជួយអប់រំ​បណ្តុះបណ្តាលកុមារឱ្យ យល់ដឹងពីវិធានការបទបញ្ញត្តិ ដែលអាចចៀសផុតពីគ្រោះថ្នាក់​ចរាចរណ៍ នោះក្មួយៗដែលជា​ទំពាំងស្នងឬស្សីអាចការពារថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ហើយអាចនឹងពាំនាំវិធានទាំងនេះ​ទៅដល់មាតាបិតា សមាជិកក្នុងគ្រួសារ និងមិត្តភក្តិក្មួយៗ​ឱ្យយល់និងអនុវត្តន៍បានម៉ឺងម៉ាត់​ក្នុងពេលធ្វើដំណើរតាមផ្លូវថ្នល់ ដើម្បីអាចចៀសឱ្យផុតពី គ្រោះថ្នាក់ចរាចរណ៍បានគ្រប់ៗគ្នា។ លោកជំទាវក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗដែលបានយកចិត្តទុកដាក់​ខិតខំឈ្វេងយល់អំពីវិធានសំខាន់ៗនៃការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅ​ក្នុង​អំឡុងពេលនៃការបណ្តុះបណ្តាល ហើយជាលទ្ធផលឃើញថាលោកគ្រូ អ្នកគ្រូ និងសិស្សានុ​សិស្សនៃសាលាបឋមសិក្សាដែលបាន​ទទួលការ​បណ្តុះបណ្តាលនេះពិតជាបានធ្វើជាគំរូល្អនៅ​តា​មដងផ្លូវប្រាកដមែន។

បើតាមការបញ្ជាក់របស់លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក”បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារៗដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា នៅតាមបណ្តោយផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥ ទាំង៥៨សាលារៀននេះ មានការសហ​ការ​រវាងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងសាធារណការ និងដឹក​ជញ្ជូន និងទទួលបានការគាំទ្រដោយអង្គការមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន ហៅកាត់​ថា “JAIF ដោយមានគោលបំណងពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសជន​ដែលងាយរងគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាពិសេសកុមារឱ្យមានការយល់ដឹងអំពីភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ក្បួនសុវត្ថិភាពចរាចរណ៍សម្រាប់ថ្មើរជើង ប្រការត្រូវចៀសវាងនៅពេលឆ្លងផ្លូវរួមទាំងរបៀបក្នុងការឆ្លងផ្លូវដោយប្រើប្រាស់រនាំងសុវត្ថិភាព និងបានផ្តល់ដល់សិស្សានុសិស្សនូវសម្ភារសិក្សាមួយចំនួនផងដែរ។ លោកបានបន្ដថា យុទ្ធនាការនេះ បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនចាប់តាំងពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ មក​ម៉្លេះ ដោយក្នុងនោះ បានផ្ដោតទៅលើសាលាបឋមសិក្សានៅតាមផ្លូវជាតិលេខ១ (ពីភ្នំពេញ​ដល់ស្ពានអ្នកលឿង) មានចំនួន១៨​សាលា (បានបណ្តុះបណ្តាលចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩) និងនៅ​តាមផ្លូវ​ជាតិលេខ៥ (ពីភ្នំពេញ ដល់ ខេត្តពោធិ៍សាត់) មានចំនួន ៤០សាលា (បានបណ្តុះបណ្តាលចាប់ពីថ្ងៃទី០៣ ខែមិថុនាដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩)។

លោកបានឱ្យដឹងទៀតថា ជាលទ្ធផលសរុបទាំង៥៨សាលាក្រុមការងារបានបណ្តុះ​បណ្តាល​សិស្សានុសិស្សថ្នាក់បឋមសិក្សា (ដោយជ្រើសរើសយកសិស្សានុសិស្សចាប់ពី​ថ្នាក់​ទី៤ ដល់ថ្នាក់ទី៦) បានចំនួន ៦.១១០នាក់ និងបានផ្តល់រនាំងសុវត្ថិភាព ២៣២រនាំង អាវ​ចំណាំង ៥៨០អាវ កញ្ចែ ១១៦គ្រាប់ ផ្លាកឈប់ ១១៦ផ្លាក បដាដែលមានសារសុវតិ្ថភាព​១១៦ផ្ទាំង ស្ទិកឃ័រចំណាំងផ្លាត ១១.៦០០សន្លឹក និងមួកសុវត្ថិភាពចំនួន ១.១៦០មួក។

លោកបានអះអាងថា សិស្សានុសិស្សដែលបានចូលរួមក្នុងយុទ្ធនាការសុវត្ថិភាពនេះ ទទួលបានចំណេះដឹងជាមូលដ្ឋានស្តីពីខ្លឹមសារភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ដែល​កុមារ​ត្រូវយល់ដឹង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការគួរជៀងវាងនៅពេលឆ្លង​កាត់​ផ្លូវ និងការបង្ហាត់បង្រៀនអំពីវិធីក្នុងការឆ្លងផ្លូវដោយប្រើប្រាស់រនាំងសុវត្ថិភាពពីមន្ត្រីជំនាញ ខាងផ្នែកសុវត្ថិភាពចរាចរណ៍ក៏ដូចជាឱកាសក្នុងការទទួលបានមួកសុវត្ថិភាពនៅពេលឆ្លើយសំណួរបានត្រឹមត្រូវ៕

ដោយ អ៊ុន រិទ្ធី