ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដំឡើងប៉មចម្រោះទឹកស្អាតទី២២ នៅស្រុកស្នួល ខេត្ដ​ក្រចេះ ដើម្បីឆ្លើយតបនឹងតម្រូវការទឹកស្អាតប្រើប្រាស់

AKP ក្រចេះ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ — ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងអាជ្ញាធរខេត្ដក្រចេះ បានរួមគ្នាបន្តដំឡើងប៉មចម្រោះ ទឹកស្អាត​ថ្មី​មួយកន្លែង ស្ថិតនៅក្នុងបរិវេណបឋមសិក្សាសែនអភិវឌ្ឍន៍ នៃឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលអាចផ្តល់នូវទឹកស្អាតសម្រាប់ទទួលទានដល់សិស្សានុសិស្ស លោក​គ្រូ អ្នកគ្រូជាង៥០០នាក់ ក៏ដូចជាប្រជាពលរដ្ឋជាង១.៣០០នាក់ ដែលរស់នៅក្នុង​សហគមន៍​ជុំវិញ។ នៅក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាតទី២២ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លី ផល្លា រដ្ឋលេខាធិការនៃ​ក្រសួង​កសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម ហេង សុខណាង អគ្គនាយករង នៃអគ្គនាយក​ដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។

លោក រស់ សោភា បានលើកឡើងថា ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន មិនបញ្ឈប់​នៅត្រឹមតែការដំឡើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយអង្គការ Planet Water ដើម្បីអនុវត្តន៍កម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំបណ្តុះ​បណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែ​ទាំ​រយៈពេល ៥ឆ្នាំ។ លោកបានបន្ដថា ការដំឡើងប៉មចម្រោះទឹកស្អាតនេះ អង្គការ Planet Water នឹងធ្វើការត្រួតពិនិត្យតាមដានគុណភាពទឹក និងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំ ទៅ​តាមកាលវិភាគកំណត់។ លោកបានបន្តទៀតថា “ក្រុមហ៊ុន កូកា-កូឡា មានមោទន​ភាពដែល បានចូលរួមចំណែកក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំ យកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិភពលោក”។ លោកបាន​បន្ថែមថា ក្រុមហ៊ុនថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចសហការគាំទ្រយ៉ាងពេញ​ទំហឹង​របស់នាយកដ្ឋានពន្ធដារ ដែលបានធ្វើការយ៉ាងជិតស្និទ្ធរៀបចំគម្រោងនេះ ឱ្យលេចជារូបរាង​ឡើង។សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី២២ ដែលបានដំឡើងដោយក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងស្ថាប័នដៃគូនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ច​សហការជាមួយអង្គការ Planet Water ដែលមានការដំឡើងប៉មចម្រោះទឹកស្អាត នៅតាម​បណ្ដាសហគមន៍នានានៃប្រទេសកម្ពុជា ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាត​សម្រាប់​ទទួលទាន។
លោក រស់ សោភា បានបញ្ជាក់បន្ថែមថា ប៉មចម្រោះទឹកស្អាតចំនួន១ទៀត នឹងត្រូវ​ដំឡើងតំបន់ដាច់ស្រយ៉ាលនៃប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៩នេះ ហើយប៉មចម្រោះទឹកស្អាត​ជាច្រើនទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្តបន្ទាប់ៗ​ទៀត។ ជាមួយគ្នានេះ ប៉មចម្រោះទឹក​​ស្អាត​ចំនួន២១ ដែលក្រុមហ៊ុនបានដំឡើងនៅកម្ពុជា តាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាត​ចំនួន ៤៤.៩៩០.២៨៦លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង ៤០.០០០នាក់៕

ដោយ អ៊ុន​ រិទ្ធី