មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្មអះអាងថា កម្ពុជាមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលប៉េស្ដជ្រូកអាហ្វ្រិកទេ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា មកដល់ពេលនេះ​កម្ពុជានៅមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលជំងឺប៉េស្ដជ្រូកអាហ្រិ្វកនោះទេ។ក្នុងសន្និសីទសារព័ត៌មានស្ដីពីបញ្ហាផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិក ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការ​គណៈរដ្ឋមន្រ្ដី ឯកឧត្ដម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ចាប់តាំងពី​ផ្ទុះជំងឺ​ប៉េស្ដជ្រូកអាហ្រ្វិកមកដល់ពេលនេះ មានជ្រូកចំនួនមិនតិចជាង៣.០០០ក្បាលទេ ដែល​បានឈឺ និងងាប់ ហើយបានយកទៅសម្លាប់ ដែលខាតបង់ថវិកាប្រមាណជាងកន្លះ​លាន​ដុល្លារអាម៉េរិក នេះបើគិតជ្រូកមួយក្បាលតម្លៃជាមធ្យម២០០ដុល្លារ។   ឯកឧត្ដមបានបន្ដថា ការិយាល័យបសុព្យាបាល និងផលិតផលកម្មសត្វបានធ្វើការសម្លាប់សត្វជ្រូក ដែលមានជំ​ងឺប៉េស្ដជ្រូកអាហ្រ្វិកប្រមាណជិត៨០០ក្បាល ដើម្បីកុំឱ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេង។ ឯកឧត្ដមបានបន្ដទៀតថា សរុបទាំងជ្រូកដែលឈឺ ងាប់ និងយកទៅសម្លាប់​គឺមិនតិចជាង​៣.០០០ក្បាលនោះទេ និងបានធ្វើឱ្យខាតបង់ថវិកាជាង៦០ម៉ឺនដុល្លារ។ ឯកឧត្ដមអគ្គនាយក​បានអះអាងថា កម្ពុជានៅមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះ​នៅ​ឡើយទេ ហើយមានតែវិធានការទប់ស្កាត់ការចរាចរណ៍សត្វជ្រូក សាច់ជ្រូក និងផលិតផល ធ្វើពីសាច់ជ្រូក ប៉ុណ្ណោះដែលមិនអាចឱ្យជំងឺនេះឆ្លងរីករាលដាលដល់តំបន់ផ្សេង។ ជាមួយគ្នា​នេះ មន្ត្រីជំនាញ​នៃការិយាល័យបសុព្យាបាល និងផលិតកម្មសត្វ ក៏បានចុះបាញ់ថ្នាំ​សម្លាប់​មេរោគដល់ភូមិឋានដែលផ្ទុះជំងឺនេះ និងការដាក់ចេញវិធានការតឹង រ៉ឹងមិនឱ្យមានការ​នាំចូល ពី​ប្រទេសវៀតណាម ដែលផ្ទុះជំងឺនេះមកកម្ពុជានោះឡើយ។

ឯកឧត្ដមបានបន្ថែមថា មកដល់ពេលនេះ ការផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិក មិនទាន់ផ្ទុះ​ក្នុង​កសិដ្ឋានចិញ្ចឹមជ្រូកធំៗ ជាលក្ខណៈពាណិជ្ជកម្ម និងឧស្សាហកម្មនៅឡើយទេ គឺផ្ទុះតែទៅ​លើ​សត្វជ្រូកដែលកសិករចិញ្ចឹមនៅតាមផ្ទះ តាមភូមិតែប៉ុណ្ណោះ។

លោក នូ វនិការ ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ​បសុ​ព្យាបាល បានឱ្យដឹងថា វីរុសប៉េស្ដជ្រូកអាហ្វ្រិកដែលផ្ទុះនៅកម្ពុជា គឺជាវីរុសប្រភេទទី២ ដែល មានកម្រិតស្រួចស្រាវបំផុត ពោលជ្រូក ដែលឆ្លងគឺស្លាប់១០០ភាគរយតែម្តង។ លោកបាន លើកទឹកចិត្តឱ្យកសិករអនុវត្តន៍វិធានការជីវសុវត្ថិភាព និងផ្លាស់ប្តូរទម្លាប់នៃការចិញ្ចឹម និង​ហាមផ្តល់ចំណីជាកាកសំណល់ទៅឱ្យសត្វជ្រូក ហើយវីរុសប៉េសជ្រូកអាហ្វ្រិកនេះ អាចរស់នៅ​ក្នុងផលិតផលសាច់ជ្រូក ដូចជាសាច់បង្កករស់នៅបានដល់ទៅ១.០០០ថ្ងៃ ស្បែក ឬខ្លាញ់ (ទោះបី​សម្ងួតក៏ដោយ)ចំនួន៣០០ថ្ងៃ សាច់ប្រឡាក់១៨២ថ្ងៃ សាច់មាន់ និងគ្មានឆ្អឹង និងសត្វ​កិន​រស់នៅបាន១០៥ថ្ងៃឯណោះ។

តែទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត យី សេងឌឿន អនុប្រធាននាយកដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានលើកឡើងថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិក​មិនឆ្លង​មក​មនុស្សនោះទេ ហើយក៏មិនបណ្តាលឱ្យគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្សដែរ។ លោកបាន​លើកឡើងថា វីរុសនេះ អាចងាប់ នៅពេលដែលយើងចម្អិនក្នុងកម្រិត៧០អង្សា ឡើងទៅ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តចំនួន៥ហើយ ដែលផ្ទុះជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​​នេះ ក្នុងនោះ ខេត្តរតនគិរីជាខេត្តផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិកមុនគេ កាលពីថ្ងៃទី០២ មេសា ដែលបានបណ្តាលឱ្យជ្រូកជាង២.៤០០ក្បាល បានឈឺ និងងាប់ ហើយមួយចំនួនត្រូវបាន​មន្ត្រី​យកទៅសម្លាប់។ បន្ទាប់មក គឺខេត្តត្បូងឃ្មុំ ដែលបានផ្ទុះកាលពីថ្ងៃទី០២ ខែកក្កដា ហើយគិត​មកដល់ពេលនេះ​មានសត្វជ្រូកជាង៣៣៧ក្បាលបានឈឺ និងងាប់។ ចំពោះខេត្តស្វាយរៀង​បានផ្ទុះ កាលពីថ្ងៃទី០៨ ខែកក្កដា គឺមានជ្រូក៨៧ក្បាល និងនៅក្នុងខេត្តតាកែវ មានចំនួន២៧​ក្បាល។ ចំណែកការផ្ទុះចុងក្រោយនេះគឺនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដែលទើបនឹងផ្ទុះបណ្តាលឱ្យជ្រូកងាប់ជាង៥០០ក្បាល៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា