រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យអនុវត្តន៍កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍឱ្យបានជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឱ្យ​គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាដៃគូល្អជាមួយអង្គការ​សង្គម​ស៊ីវិលក្នុងការជំរុញឱ្យអនុវត្តន៍កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការ​អភិវឌ្ឍ​ ឱ្យ​បានជោគជ័យ។ សម្តេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ នៅក្នុង​ ក្នុងពិធីបិទទិវាប្រជាជនពិភពលោកលើកទី៣០ និងខួបទី២៥ឆ្នាំ នៃសន្និសីទអន្តរជាតិ​ស្ដីពី​ប្រជាជន និងការអភិវឌ្ឍ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC នៃសាកល​វិទ្យាល័យភូមិន្ទភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងអនុវត្តកម្មវិធី​សកម្មភាពនៃសន្និសីទអន្តរជាតិ​ស្តីពី​ប្រជាជន និងការអភិវឌ្ឍ គឺក្នុងគោលដៅអភិវឌ្ឍន៍ប្រកប​ដោយចីរភាពសកល និង​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដោយគ្មាននរណា​ម្នាក់​ត្រូវបានទុកចោល។ ជាមួយគ្នានេះ ក្រសួងផែនការ តាមរយៈអគ្គលេខាធិការ ដ្ឋានប្រជា ជន និងការអភិវឌ្ឍ ត្រូវបន្តកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសអង្គការ UNFPA រៀប​ចំទិវាប្រជាជនពិភពលោកនេះ ឱ្យបានទៀតទាត់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការទទួល​ខុស​ត្រូវខ្ពស់របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រជាជន និងការលើកកម្ពស់សុខុមាលភាព​ប្រជាជន ជាពិសេស សុខភាព បន្តពូជរបស់ស្រ្តី និងក្មេងស្រី។

សូមបញ្ជាក់ថា កម្ពុជាជាប្រទេសហត្ថលេខីមួយក្នុងចំណោម ប្រទេសចំនួន ១៧៩ ដែល​បានចុះហត្ថលេខាទទួលយកកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និង​ការអភិវឌ្ឍមកអនុវត្តន៍ ដោយកម្ពុជាបានដាក់បញ្ចូលបញ្ហាប្រជាជន និងកត្តាឌីណាមិក​ប្រជា​សាស្រ្តទៅក្នុងដំណើរការ នៃការរៀបចំផែនការអភិវឌ្ឍន៍ គោលនយោបាយ និងយុទ្ធ​សាស្រ្ត​ជាតិ​សំខាន់ៗ ដើម្បីឆ្លុះបញ្ចាំងអំពីការផ្តល់សិទ្ធិដល់ស្រ្តី និងយុវជនកម្ពុជា ឱ្យមាន​ការ​ទទួល ខុសត្រូវពេញលេញលើសុខភាពបន្តពូជ និងការពន្យារកំណើតរបស់ខ្លួន៕

ដោយ ចាន់ សុធីវង្ស