ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តអង្គភាពគ្រប់គ្រងគម្រោង និងមន្ទីរពាណិជ្ជកម្ម សហការគ្នាអនុវត្តន៍គម្រោង AIMS

AKP ភ្នំពេញ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ — រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តអង្គភាព​គ្រប់គ្រង​គម្រោង និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត សហការពង្រឹងការងារអនុវត្តន៍ គម្រោងជំរុញ​ទីផ្សារ​សម្រាប់កសិកម្មខ្នាតតូច (AIMS) ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីទាក់​ទាញទំនុកចិត្តពីដៃគូអភិវឌ្ឍន៍ និងបង្កើនប្រាក់ចំណូលជូនប្រជាកសិករក្រីក្រ នៅក្នុងប្រទេស​កម្ពុជា។ ក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាពនគម្រោង AIMS កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បាន​រម្លឹកឡើងវិញអំពីសាវតា និងវត្ថុបំណងរបស់គម្រោង ដែលផ្តោតសំខាន់លើការអភិវឌ្ឍ​ច្រវ៉ាក់​តម្លៃ​ផលិតផល (ស្រូវ, ដំឡូងមី, មាន់ស្រែ, បន្លែ និងសូត្រឆៅ) ដោយតភ្ជាប់ផលិតកម្ម ជាមួយ​ទីផ្សារទាំងអស់ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើមន្ទីរពាណិជ្ជកម្មទាំងអស់ បញ្ជ្រាបការ​ងារ​គម្រោង AIMS ទៅក្នុងការងារស្នូលប្រចាំថ្ងៃ សម្រាប់មន្ត្រីធ្វើការរៀនសូត្រ និងដកស្រង់​បទពិសោធន៍ថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មជាតិ ជាមួយរាជរដ្ឋាភិបាល ហើយ​ត្រូវបង្កើនកិច្ចសហការជាដៃគូយុទ្ធសាស្ត្រជាមួយគម្រោងផ្សេងទៀត ដែលគាំទ្រដោយអង្គការ IFAD មានដូចជាគម្រោង ASPIRE, គម្រោង SAAMBAT និងគម្រោងទៀតរបស់រាជ​រដ្ឋាភិបាល ដែលអាចផ្តល់គុណប្រយោជន៍ និងសក្តានុពលបំពេញឱ្យគ្នាទៅវិញទៅមក។ 

ឯកឧត្ដមបានបន្ថែមថា “អ្វីដែលជាការចង់បានរបស់យើង គឺនិរន្តរភាពប្រាក់​ចំណូល​របស់ប្រជាកសិករ យើងត្រូវធ្វើឱ្យប្រាកដថា កសិករនឹងមិនដួលរលំ ឬបរាជ័យក្នុងមុខ​របរ​ឡើយ នៅពេលដែលគ្មានជំនួយពីគម្រោង គឺគាត់នៅតែអាចធ្វើពាណិជ្ជកម្ម និងអាចរកប្រាក់​បានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដូច្នេះ សូមមន្ត្រីទាំងអស់ ប្រឹងប្រែងអនុវត្តន៍​ការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងម៉ត់ចត់បំផុត។”

សូមជម្រាបថា AIMS គឺជាគម្រោងដ៏ធំមួយ របស់ក្រសួងពាណិជ្ជកម្ម ក្រោមហិរញ្ញប្ប​ទាន​កម្ចីរបស់អង្គការ IFAD ប្រមាណ៣៦.៣ លានដុល្លារអាម៉េរិក រួមជាមួយថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល។ គម្រោងនេះ មានវិសាលភាពគ្របដណ្ដប់លើខេត្តសក្តានុពលចំនួន ១៨ទូទាំង​ប្រទេស ដែលមានប្រជាកសិករប្រមាណ៦ម៉ឺនគ្រួសារ ហើយត្រូវបានអនុវត្តន៍​ចាប់​តាំងពីខែកុម្ភៈឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។ គោលបំណងសំខាន់នៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពគម្រោង ដោយផ្តោតទៅលើការវាយតម្លៃគ្រប់ជ្រុងជ្រោយ ការកំណត់នូវបញ្ហាប្រឈម ប្រតិបត្តិការបច្ចេកទេស និងហានិភ័យ ដែលអាចជះ​ឥទ្ធិពល​ដល់គោលដៅអភិវឌ្ឍន៍គម្រោងទាំងមូល៕

ដោយ ម៉ៅ ចរិយា