ក្រសួងរៀបចំដែនដីនគរូបនីយកម្ម បើកវគ្គផ្សព្វផ្សាយស្តីពីការអភិវឌ្ឍដី និងគោលការណ៍ ណែនាំក្នុងវិស័យដីធ្លី ជូនដល់អាជ្ញាធរ និងមន្ត្រីជំនាញថ្នាក់ក្រោមជាតិ នៅខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារពោធិ៍សាត់សេនជូរី ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ បានបើកវគ្គផ្សព្វផ្សាយស្តីពីការអភិវឌ្ឍដី និងគោលការណ៍ ណែនាំក្នុងវិស័យដីធ្លី ជូនដល់អាជ្ញាធរ មន្ត្រីជំនាញថ្នាក់ក្រោមជាតិ និងអ្នកអភិវឌ្ឍអចលនវត្ថុ ទូទាំងខេត្តពោធិ៍សាត់ចំនួន១៥០នាក់ បានអញ្ជើញមកចូលរួម។លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចុះមកធ្វើការផ្សព្វផ្សាយ ស្តីពីការ អភិវឌ្ឍដី និងគោលការណ៍ណែនាំក្នុងវិស័យដីធ្លីនគរូបនីយកម្ម និងសំណង់ ជូនដល់អាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ ក្នុងគោលបំណង បង្កើនសមត្ថភាពចំណេះដឹង និងជំនាញបន្ថែមទៀត។ ក្នុងនាមរដ្ឋបាលខេត្ត បានសំណូមពរ ដល់សិក្ខាកាមទាំងអស់ ផ្តោតការយកចិត្តទុកដាក់ស្តាប់នូវរាល់ការធ្វើ បទបង្ហាញបានជាទុន សម្រាប់យកទៅអនុវត្តន៍ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យ មានប្រសិទ្ធភាព និងតម្លាភាព។

ឯកឧត្តម ថេង ច័ន្ធសង្វារ រដ្ឋលេខាធិការ តំណាងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងថា ឆ្នាំ២០១៩ គឺជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីកំណែទម្រង់ ដែលបានកំណត់នៅក្នុងយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការពង្រឹងការ គ្រប់គ្រងនគរូបនីយកម្មជាគោលដៅយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍទីក្រុង ដើម្បីឱ្យមាន បរិស្ថានល្អ សម្រាប់ការរស់នៅនិងមានសោភ័ណភាព។

ឯកឧត្តមបានឱ្យដឹងថា ក្រសួងសម្រេចការងារចុះបញ្ជីដីធ្លីគិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ២០១៩ បានផ្តល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន៥.២៨១.៥៤៧ប័ណ្ណ ស្មើនឹង៧៥,៤៥ភាគរយ នៃក្បាលដីប្រមាណ៧លានក្បាលដី និងកំពុងជំរុញដល់រដ្ឋបាលរាជធានី ខេត្តទាំង២៥ ដើម្បីឈានទៅបញ្ចប់ ការចុះបញ្ជីដីធ្លីទាំង៧លានក្បាលដីក្នុងឆ្នាំ២០២១។ ក្រៅពីនោះក៏បានចាត់វិធានការទប់ស្កាត់ការទន្ទ្រានរំលោភបំពានដីរដ្ឋគ្រប់រូប ភាព ផ្អាកការធ្វើចរន្តការផ្ទេរកម្មសិទ្ធដីធ្លីក្នុងតំបន់ ដែលមានវិវាទ និងមិនទាន់ដោះស្រាយចប់ដើម្បី​ផ្តល់ភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ។

ដោយមើលឃើញពីបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យដីធ្លីនោះ ក្រសួងបានដាក់ចេញ នូវគោលការណ៍ណែនាំឱ្យអាជ្ញាធរដែនដី និងមន្ត្រីជំនាញដូចជាការពង្រឹងការគ្រប់គ្រង ថែរក្សាដីរដ្ឋការពារបង្គោលប្រឹថពីវិភាគគ្រប់ប្រភេទ ដែលបានកសាងរួចអនុវត្តន៍ប្លង់ ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យការងារចុះបញ្ជីដីធ្លីដាច់ដោយដុំ និងគំនូសប្លង់ ទីតាំងដីសម្រាប់បំពេញបែបបទផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី។

តាមរយៈកម្មវិធីផ្សព្វផ្សាយនេះឯកឧត្តម សូមឱ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុក ដាក់តាមដាន ក្រេបជញ្ជក់ចំណេះដឹងពីវាគ្មិន និងចូលរួមលើកជាសំណួរឱ្យបានផុលផុស ដើម្បីពង្រឹងពុទ្ធិ ចំណេះដឹង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអនុវត្តន៍ប្រកាស និងគោលការណ៍ណែនាំទាំងនេះឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើក កម្ពស់ការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង៕

ដោយ​ ណៅ ធឿន