មន្ត្រីជំនាញសុខភាពសត្វ និងផលិតកម្មសត្វ ចាត់វិធានការបាញ់ថ្នាំទប់ស្កាត់ ការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅទូទំាងប្រទេស

វិទ្យុជាតិកម្ពុជា អត្ថបទ៖ ធីណា ឌីណេ

 ភ្នំពេញ៖មន្ត្រីជំនាញសុខភាពសត្វ និងផលិតកម្មសត្វ ចាត់វិធានការបាញ់ថ្នាំទប់ស្កាត់ការរីករាលដាលជំងឺប៉េស្តជ្រូកនៅទូទំាងប្រទេស ខណៈជំងឺនេះ កំពុងរីករាលដាល និងផ្ទុះឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា។

 

ថ្លែងប្រាប់អ្នកសារព័ត៌មានស្ដីពី  បញ្ហាផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ  ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងបានសហការជាមួយនឹងវិស័យឯកជន ជាពិសេសសមាគមចិញ្ចឹមសត្វបានចុះទៅអនុវត្តជីវៈសុវត្ថិភាព នៅក្នុងរាជធានីភ្នំពេញ នៅក្នុង   កសិដ្ឋាន និងទីសត្តឃាតមួយចំនួនផងដែរ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ការសម្រេចចុះបាញ់ថ្នាំការពារជម្ងឺប៉េស្តជ្រូកអាហ្រិក នៅគ្រប់ទីកន្លែងនេះ ដើម្បីទប់ស្កាត់ការរីករាលដាលកុំអោយជំងឺនេះឆ្លងពីកន្លែងមួយទៅ កន្លែងមួយទៀត។

សំលេង៖ ឥឡូវនេះយើងកំពុងតែពិបាកដោយសារតែជំងឺនេះបានកើតមានជាបន្តបន្ទាប់  ដូច្នោះយើងបាននឹងប្រឹងប្រែងទប់ស្កាត់ ជាពិសេសនៅកន្លែងដែលផ្ទុះជំងឺនេះ ដើម្បីកុំឲ្យរាតត្បាតទៅតំបន់ផ្សេងទៀត ហើយនេះគឺជាចំណុចសំខាន់ ដែលយើងបានធ្វើការពន្យល់ណែនាំ ទៅដល់ប្រជាកសិករដែលគាត់ចិញ្ចឹមសត្វជ្រូក អោយគាត់ដឹងថា ការចម្លងនេះយ៉ាងម៉េច ដែលធ្វើអោយសត្វជ្រូកពួកគាត់ស្លាប់ដោយសារជំងឺ។ ម្យ៉ាវិញទៀតដោយសារតែកន្លងមក ពួកគាត់បានយកសាច់ជ្រូក ដែលស្លាប់ដោយសារជំងឺនេះ ចែកអ្នកភូមិជិតខាង ដែលធ្វើឱ្យជម្ងឺនេះវាបានរាតត្បាតទៅតំបន់ផ្សេងទៀតដោយយើងឃើញបែបនេះ យើងក៏បានចាត់មន្ត្រីជំនាញអគ្គនាយកដ្ឋាន ដូចជាអ្នកពាក់ព័ន្ធនៅក្នុងខេត្ត ត្រូវធ្វើការផ្សព្វផ្សាយបន្តនៅភូមិជាប់ៗ ជាបន្តបន្ទាប់ទៀត។ 

  សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ ជំងឺប៉េស្តជ្រូកអាហ្រ្វិក  បាននឹងកំពុងផ្ទុះនៅខេត្ត ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ ដែលកន្លងមកជំងឺនេះ ក៏ធ្លាប់ផ្ទុះនឹងខេត្តរតនៈគិរី ផងដែរ៕