សភាពាណិជ្ជកម្មអឺរ៉ុបគូសបញ្ជាក់ថាកម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់ទទួលវិនិយោគិនជាតិ និងអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ — សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា(EUROCHAM)បានគូសបញ្ជាក់ជូនវិនិយោគិនទាំងអស់ ទាំងវិនិយោគគិនជាតិ និងអន្តរជាតិថា កម្ពុជាបានត្រៀមខ្លួនជាស្រេចសម្រាប់​ការដាក់ទុន វិនិយោគ។ នេះបើតាម“សៀវភៅ ស ឆ្នាំ ២០១៩ (White Book 2019)” របស់ EUROCHAM។ក្នុង“សៀវភៅ ស ឆ្នាំ ២០១៩ (White Book 2019)”ដែលលោក Guillaume Massin អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM)ប្រគល់ជូន​ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានរំលេចនូវអនុសាសន៍នានា​សម្រាប់រាជរដ្ឋាភិបាល និងបានរំលេចនូវសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចនាពេលកន្លង​មកផងដែរ។ តាមរយៈ សៀវភៅ ស នេះ អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា​សង្ឃឹម​ថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់ ភាព​ប្រកួត​ប្រជែង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងនូវអំណរសាទរចំពោះសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំ​កម្ពុជា ដែលទើបតែបានបោះពុម្ពផ្សាយនូវ “សៀវភៅ ស ឆ្នាំ ២០១៩ (White Book 2019)” ដោយ​ជោគជ័យ ក្នុងពេលថ្មីៗកន្លងមកនេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ ក៏បានថ្លែងអំណរគុណ​ចំពោះសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលតែង​តែបានរួមចំណែកធ្វើឱ្យកាន់តែប្រសើរ​ឡើង​នូវបរិយាកាសវិនិយោគនៅកម្ពុជា ជាមួយនឹងការ​ផ្សព្វផ្សាយអំពីឱកាសវិនិយោគ​នៅ​កម្ពុជា ក៏ដូចជាផ្តល់នូវមតិស្ថាបនា ចូលរួមចំណែកលើក​កម្ពស់ភាពប្រកួតប្រជែង និងទាក់​ទាញ​វិនិយោគមកកម្ពុជា។

លោក Guillaume Massin អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបាន​លើក​ឡើង​ថា កិច្ចសហប្រតិបត្តិ-ការជិតស្និទ្ធជាមួយកម្ពុជានាពេលកន្លងមកមានលក្ខ​ណៈល្អ​ប្រសើរ។ លោកក៏បានថ្លែងអំណរគុណចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្តល់នូវ​អនុសាសន៍ ក្នុងការចងក្រងសៀវនេះឡើង ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជា​ក្រសួង ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួល “សៀវភៅ ស ឆ្នាំ ២០១៩” នេះ៕

ដោយ គង់ សិរីរ័ត្ន