ក្រុមប្រយុទ្ធនិងជម្ងឺឆ្លងមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់ មូសខ្លាដើម្បីទប់ស្កាត់ការរាលដាល នៃជំងឺជម្ងឺគ្រុនឈាម

វិទ្យុជាតិកម្ពុជា៖លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ ក្រុមអន្តរាគមន៍ប្រយុទ្ធនិងជម្ងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បើកយុទ្ធនាបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីទប់ស្កាត់និងការពារសុខភាពកូនចៅប្រជាពលរដ្ឋ កុំឱ្យកើតជំងឺគ្រុនឈាម ព្រោះនៅសប្តាហ៍ ទី១ខែកក្កដាមានជម្ងឺគ្រុនឈាមកើនឡើងទៅលើកុមារ១១៥ករណីបន្ថែមទៀត។
លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងនិងជាប្រធានក្រុម អន្តរាគមន៍ប្រយុទ្ធនិងជម្ងឺឆ្លងបានឲ្យដឹងថា៖យុទ្ធនាការនេះនិងបន្តធ្វើរហូតដល់ថ្ងៃទី១៩ ខែកក្កដា ដើម្បីសម្លាប់ពពួកមូសចម្លងមេរោគជាពិសេសមួសខ្លាញី ដែលខាំពេលថ្ងៃ និងដាស់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តវិធីសាស្ត្រការពារខ្លួនកុំឱ្យឆ្លងជំងឺគ្រុនឈាម។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា៖ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម -ដូចជាដេកក្នុងមុងជ្រលក់ថ្នាំ សម្អាតបរិស្ថាន -កុំឲ្យមានកន្លែងដក់ទឹក- ប្រមូលដុតសំបកកង់ឡាន -កង់ម៉ូតូ- សំអាតព្រៃជុំវិញផ្ទះ- និងដាក់អាល់បេតក្នុងពាង- អាងទឹក-ដើម្បីសម្លាប់ដង្កូវទឹក -ដែលវាបំរុងកើតជាមូស- ក្លាយទៅជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ឬគ្រុនចាញ់។
លោកវេជ្ជបណ្ឌិត ទន វុទ្ធី អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងបើមានកូនចៅ ឬសមាជិកណាម្នាក់មានអាការៈក្តៅខ្លួន ឡើងកន្ទួលលើស្បែក និងឈឺសាច់ដុំ ឈឺសន្លាក់ មុខឡើងក្រហម ត្រូវទៅរក សេវាសុខាភិបាលឱ្យបានត្រឹមត្រូវ ឬ ទៅមណ្ឌលសុខភាពដែលនៅជិត និងមន្ទីរពេទ្យបង្អែកខេត្ត។
សូមបញ្ជាក់ថា៖តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបង្ហាញថាគិតចាប់តាំងពីថ្ងៃទី ២៦ ខែមិថុនា រហូតមកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ករណី សង្ស័យមានឆ្លងជំងឺគ្រុនឈាមនៅខេត្តស្ទឹងត្រែងមាន ១១៥ ករណី៕