អគ្គិសនីកម្ពុជាប្រកាសថា នឹងប្តូរវិក័្កយបត្រទូទាត់ថ្លៃភ្លើងប្រចាំខែ​ទៅជាភាសារខ្មែរ​នៅដើមឆ្នាំ២០២០ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ — ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រកាសថា អគ្គិសនី​កម្ពុជា នឹងផ្លាស់ប្តូរវិក្ក័យបត្រតម្លៃទូទាត់ភ្លើងប្រចាំខែសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ទៅជាភាសាខ្មែរនៅដើមឆ្នាំ២០២០ខាងមុខ។ ឯកឧត្ដម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនី​កម្ពុជា បានលើកឡើងក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា​ កាលពីព្រឹកថ្ងៃទី១១ ​ខែកក្កដា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា។

ឯកឧត្ដម កែវ រតនៈ បានគូសបញ្ជាក់ថា អគ្គិសនីកម្ពុជា​នឹងផ្លាស់ប្តូរវិក្ក័យបត្រ​សម្រាប់​ការទូទាត់ថវិការភ្លើងប្រចាំខែជាភាសារខ្មែរដើម្បីឱ្យប្រជាពលរដ្ឋងាយយល់ដឹងពីការប្រើប្រាស់ភ្លើងអគ្គិសនីនៅដើមឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្ដមបានលើកឡើងពីមូលហេតុដែល​អគ្គិសនី​មិនទាន់បានផ្លាស់ប្តូរនៅក្នុងឆ្នាំនេះ​ដោយសារតែប្រព័ន្ធទិន្នន័យសម្រាប់ទូទាត់ថវិកា ប្រចាំខែនេះបច្ចុប្បន្ននៅជាប់កុងត្រាជាប្រទេសណូវែលសេឡង់។

ឯកឧត្ដមបានបន្ថែមថា “យើងខ្ញុំបានកំពុងកែវិក្ក័យបត្រនេះហើយ ប៉ុន្តែបញ្ហាដែល​ពិបាក​​នោះប្រូក្រាមនោះយើងទិញពីប្រទេសណូវែលសេឡង់ ហើយរាជរដ្ឋាភិបាល តាមរយៈ​អគ្គិសនីកម្ពុជាបានទិញប្រើប្រាស់យូរហើយ នឹងជាប់កុងត្រាជាមួយគេ ហើយការកែប្រែទៅ​ជាអក្សរខ្មែរ​មានការពិបាក ព្រោះថាកម្មវិធីនេះមិនទទួលស្គាល់នឹងកម្មវិធីយូនីកូដរបស់ខ្មែរ អីញ្ចឹងការកែប្រែមានការពិបាក”។ ឯកឧត្ដមបានឱ្យដឹងទៀតថា ដោយសារមានការរីកចម្រើន របស់កម្ពុជាយើងមានក្រុមហ៊ុនមួយអាចធ្វើវិក្ក័យបត្រនោះជាភាសារខ្មែរ ហើយក្រុមហ៊ុននេះ​យកតម្រៃថោកជាងក្រុមហ៊ុននៅក្នុងប្រទេសណូវែសេឡង់ ហើយយើងបានដាក់សាងល្បង​រួចហើយ ហើយនឹងដាក់ដំណើរនៅដើមឆ្នាំក្រោយ។ ជាមួយគ្នានេះ ការចេញវិក្ក័យបត្រថ្មី គឺមានភាសារខ្មែរសឹងតែទាំងអស់ លើកលែងតែពាក្យបច្ចេកទេស ឬខ្នាតអគ្គិសនីទេ។

ឯកឧត្ដមបានបន្ថែមទៀតថា វិក្ក័យបត្រនេះអ្នកប្រើប្រាស់ភ្លើងអាចមើលតម្លៃចំណាយ​ប្រចាំខែ​ទាំងតួលេខចាស់ ខែមុន និងតម្លៃបង់សំរាមអស់ប៉ុន្មាន។ លើសពីនេះទៀត វិក្ក័យបត្រ ថ្មីនេះ​នឹងធ្វើលើសពីវិក្ក័យបត្របច្ចុប្បន្ន ដោយដាក់រយៈពេលពីខែ ដើម្បីងាយស្រួលដល់​ប្រជាពលរដ្ឋព្រៀបធៀបគ្នា ពីខែមុនប្រើអស់ប៉ុន្មាន ផងដែរ។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “អីអញ្ចឹងវិក្ក័យបត្រថ្មីនេះយើងកែដាក់ចំនួនទិន្នន័យពីខែមុន ដែលប្រើហើយ ឱ្យគាត់ដឹង និង​ប្រៀបធៀបថាការប្រើប្រាស់របស់ជាមធ្យម អស់ប៉ុន្មាន? ជាងនេះដាក់តួលេខមុនៗ​ដើម្បីឱ្យ​គាត់​យល់ និងសន្សំសំចៃក្នុងការប្រើប្រាស់ភ្លើងផងដែរ”។ ទន្ទឹមនេះ ឯកឧត្ដមប្រតិភូក៏បាន​ពន្យល់ដែរថា ហេតុអ្វីបានជាយើងមិនប្តូរបច្ចុប្បន្ននេះ ព្រោះយើងកំពុងប្តូរទិន្និន័យពី​ទិន្នន័យ​ដែលទិញពីប្រទេសណូវែលសេឡង់ នៅពេលប្តូររួចហើយនឹងចេញនៅដើមឆ្នាំក្រោយ។

ក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកមិញនេះដែរ ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា ក៏បានសួរទៅកាន់តំណាងរាជរដ្ឋាភិបាល និងអគ្គនាយកអគ្គិ​សនី​កម្ពុជាអំពីបញ្ហានៃការដាច់ភ្លើង និងកុងទ័រភ្លើងកើនឡើង។ ឯកឧត្ដមបានស្នើឱ្យមន្ត្រី​អគ្គិសនី ចុះតាមមូលដ្ឋានមួយខែជួបប្រជាពលរដ្ឋម្តង គឺពេលទៅចុះកត់ចំនួនតួលេខកុងទ័រ ហើយគួរ​ផ្តល់យោបល់ផង ខណៈមន្រ្ដីអគ្គិសនីខ្លះ ពេលពលរដ្ឋទៅជិតភ័យខ្លាចរឿងសួរទៅវិញ។ ឯកឧត្ដមបានជំរុញឱ្យមន្រ្ដីអគ្គិសនីធ្វើទំនាក់ទំនងល្អជាមួយពេលរដ្ឋ ហើយធ្វើជាមន្ត្រី​បម្រើ​រាស្ត្រ កុំឆ្លើយថាទេ នៅពេលចុះកត់កុងទ័រម្តងៗ​នៅពេលដែលពលរដ្ឋសួរថា​ហេតុអ្វីកុងភ្លើង​ខែនេះឡើង បើមិនសូវប្រើផង ហើយដាច់ភ្លើងញឹកញាប់នោះ។ ជាមួយគ្នានេះ ឯកឧត្ដម ម៉ម ប៊ុននាង ក៏បានស្នើបន្ថែមដល់មន្ត្រីអគ្គិសនី ត្រូវមានឧបករណ៍ត្រួតពិនិត្យភ្លើង និងខ្សែភ្លើង​នៅតាមផ្ទះប្រជាពលរដ្ឋផង ដោយសារមូលហេតុអ្វីខ្លះ​មានបញ្ហាដោយ​សារ​មានការ​ឆ្លង ឬដោយសារខ្សែភ្លើង ឬឆ្លងព្រីភ្លើង ជាដើម៕

ដោយ ប៊ុនរិទ្ធ