ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បដិសេធចំពោះការចោទប្រកាន់ថាទូកល្បាតអ៊ីរ៉ង់ព្យាយាមឡោមព័ទ្ធនាវា ដឹកប្រេងអង់គ្លេស

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង

នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដាឆ្មាំ២០១៩នេះ ឆ្នាំបដិវត្តន៍អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់ថាពួកគេបានព្យាយាមឡោមព័ទ្ធនាវាដឹកប្រេងអង់គ្លេសឈ្មោះប្រ៊ីធីសហឺរីថេច (British Heritage) នៅឯច្រកសមុទ្រ ហ័រមូស (Hormuz)។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះបានឲ្យដឹងថានេះជាការឆ្លើយតបវិញ កងទ័ពជើងទឹកអ៊ីរ៉ង់(ឆ្មាំបដិវត្តន៍)បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ទូកល្បាតរបស់ពួកគេ គឺកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនដែលជាសកម្មភាពជាធម្មតា វាមិនមែនជាការប៉ុនប៉ងឡោមព័ន្ធ ឬចង់ឃាត់ទុកនាវាដឹកប្រេងរបស់អង់គ្លេស ដូចអ្វីដែលអាមេរិកបានចោទប្រកាន់នោះទេ។
ការប្រកាសបែបនេះគឺបន្ទាប់ពីក្រសួងការពារជាតិអង់គ្លេសនិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថាទូកល្បាតអ៊ីរ៉ង់ ០៥គ្រឿង បានបើកសំដៅមករកកប៉ាល់ដឹកប្រេងអង់គ្លេសឈ្មោះ ប្រ៊ីធីសហឺរីថេច (British Heritage) នៅឯច្រកសមុទ្រ ហ័រមូស (Hormuz) ប៉ុន្តែបានដកថយទៅវិញ ក្រោយមានការព្រមានពីនាវាចម្បាំងអង់គ្លេស HMS ម៉ុនត្រូស (HMS Montrose) ដែលអមដំណើរ កប៉ាល់ដឹកប្រេងនោះ។
គួររំលឹកថា កាលពីពេលថ្មីៗនេះ កងម៉ារីនរបស់អង់គ្លេស បានរឹបអូសកប៉ាល់ដឹក ប្រេងអ៊ីរ៉ង់មួយគ្រឿង ក្រោមការសង្ស័យថា កប៉ាល់នោះល្មើសនឹងទណ្ឌកម្មអន្តរជាតិ ហើយអ៊ីរ៉ង់ក៏បាន ទទូចឲ្យអង់គ្លេស ដោះលែងកប៉ាល់ដឹកប្រេងរបស់ខ្លួនវិញ និងគំរាមថែមទៀតថា បើមិនដូច្នោះទេអ៊ីរ៉ង់នឹងចាត់វិធានការដូចគ្នាលើ កប៉ាល់ដឹកប្រេងអង់គ្លេស៕ ប្រភព៖ Channel News Asia