អាជ្ញាធខេត្តពោធិ៍សាត់គ្រោងដីសម្បទានសង្គមកិច្ចចំនួន៥.៤០២ហិកតា ទុកចែកជូនប្រជាពលរដ្ឋក្រីក្រ

AKP ពោធិ៍សាត់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ — អាជ្ញាធខេត្តពោធិ៍សាត់គ្រោងដីចំនួន៥.៤០១ហិកតា ដែលមាននៅក្នុងឃុំពីរ របស់ស្រុកក្រគរ គឺឃុំអន្សាចំបក់ និងឃុំត្នោតជុំ សម្រាប់ធ្វើជាដីសម្បទានសង្គមកិច្ចទុក ចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតដីធ្លី។ ការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំកាលពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាស្រុកក្រគរ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ស្តីពីការធ្វើអត្តសញ្ញាណកម្មដីរដ្ឋ ដែលមានការ សម្រេចពីរាជរដ្ឋាភិបាលកម្ពុជា (សជណ) ក្នុងគោលបំណងផ្តល់សម្បទានដី សង្គមកិច្ច សម្រាប់ប្រជាពលដ្ឋក្រីក្រ ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្តទទួលបន្ទុកកិច្ចការដីធ្លី ក្រុមការងារចុះជួយស្រុក ឃុំ លោកប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មនិងសុរិយោដីខេត្ត គណៈអភិបាលស្រុក អាជ្ញាធរឃុំ និងភាគីដែលពាក់ព័ន្ធជាច្រើននាក់ទៀត។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងណែនាំដល់ក្រុមការងារ ត្រូវចុះសិក្សាឱ្យបានត្រឹមត្រូវ និងឱ្យអាជ្ញាធរ ឃុំ ស្រុក ដែលមានការពាក់ព័ន្ធ ជួយរក្សាទុកដីនេះឱ្យបានគង់វង្ស និងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចូលទៅកាប់ទន្ទ្រានជាដាច់ខាត។ ឯកឧត្តមអភិបាលខេត្តក៏បានចុះទៅដល់ទីតាំងដីជាក់ស្តែង នៅលើគោលដៅដីនីមួយៗ ដើម្បីពិនិត្យ និងផ្តល់គោលការណ៍អនុវត្តន៍ទាំងផ្លូវច្បាប់ និងផ្លូវបច្ចេកទេសលើទិដ្ឋភាព ជាក់ស្តែងនៃដី ដោយមានការបោះបង្គោល ឈូសឆាយកំណត់ព្រំ និងឆ្វៀលដីផលប៉ះពាល់ រួមទាំងដាក់ផែនការយ៉ាងតឹងរឹងលើមុខសញ្ញារុករានដីថ្មីផងដែរ៕

ដោយ ណៅ ធឿន