ព្រឹទ្ធសភាគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣

វិទ្យុជាតិកម្ពុជា៖ ដោយលោកជូន បូណា
ភ្នំពេញ៖ ព្រឹទ្ធសភាគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣ ដើម្បីបើកផ្លូវឲ្យរាជរដ្ឋាភិបាលងាយស្រួលយកទៅអភិវឌ្ឍន៍ប្រទេសជាតិតាម​វិស័យនីមួយៗដែលបាន​ដាក់ចេញនៅក្នុង​ផែនការ​គោលមួយនេះ។
ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែកក្កដានេះ សមាជិកព្រឹទ្ធសភាចំនួន៤៨រូបបានគាំទ្រជាឯកច្ឆ័នចំពោះផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣ ដែលស្នើឡើងដោយរាជដ្ឋាភិបាលនេះហើយចាត់ទុកថា ជាឯកសារគោលសំខាន់ក្នុងការយកទៅអភិវឌ្ឍន៍ប្រទេសជាតិចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៣ខាងមុខ។
ឯកឧត្តម ម៉ម ប៊ុននាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនោះថា ផែនការយុទ្ធសាស្ត្រនេះ នឹងមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ។
ឯកឧត្តមកិក្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដែលជាអ្នកឡើងការពារសេចក្តីព្រាងផែនការនេះមានប្រសាសន៍ថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីសម្រេចនូវវត្ថុបំណងសំខាន់បី គឺ៖១-ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗដែលបានកើតមានឡើងនៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្នុងអាណត្តិកាលរបស់ផែនការនេះទាំងមូលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ២-ដើម្បីកំណត់នូវបណ្តាវិធានការគោលនយោបាយនានាដល់ក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាតាមវិស័យ នៅក្នុងដំណាក់កាលនៃអាណត្តិកាលរបស់ផែនការ ដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងឆ្ពោះទៅសម្រេចបាននូវស្ថានភាពនៃប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និង៣-ដើម្បីដាក់ចេញនូវប្រព័ន្ធមួយសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំនៃការអនុវត្តផ.យ.អ.ជ ២០១៩-២០២៣ របស់ក្រសួង ស្ថាប័ននានា។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ដោយឡែកផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ មាន ៧ជំពូក ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦៕