កម្ពុជា-ថៃ កំពុងធ្វើដំណើរឆ្ពោះទៅសម្រេចគោលដៅមហិច្ឆិតាពាណិជ្ជកម្មទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩​ — ប្រទេសកម្ពុជាដែលជារដ្ឋសមាជិកអាស៊ានបានចូលរួមចំណែកគួរឱ្យកត់សម្គាល់នៅ ក្នុងពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងថៃ ដោយមានការ​ប្តេជ្ញាចិត្តរួមគ្នាដើម្បីបង្កើតគោលដៅពាណិជ្ជកម្មថ្មីដែលមានតម្លៃ ១៥ប៊ីលានដុល្លារអាម៉េរិក​នៅក្នុងឆ្នាំ២០២០ខាងមុខ។ នេះបើតាមការគូសបញ្ជាក់របស់លោកស្រី Vannaporn Ketudat អគ្គនាយករងនៃនាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ ក្នុង​កិច្ច​សម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្នុងអំឡុងពេល​ទស្សន​​កិច្ច​មកកាន់ប្រទេសថៃ កាលពីពេលថ្មីៗនេះ។

លោកស្រី Vannaporn Ketudat បានលើកឡើងថា កម្ពុជាបានក្លាយជាសមាជិក​អាស៊ាន​កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩ ហើយក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លង​មក​នេះ ទំហំពាណិជ្ជកម្មរវាងថៃ និងកម្ពុជា បានកើនឡើងយ៉ាងខ្លាំងពីចំនួន ០,៣៦៩ប៊ីលាន​ដុល្លារអាម៉េរិកក្នុងឆ្នាំ ១៩៩៩ រហូតដល់៨.៣ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៨ ដែលជា​កំណើន​ច្រើនជាង ២.០០០ភាគរយ។ លោកស្រីបានបន្ដថា តម្លៃពាណិជ្ជកម្មទ្វេភាគីចំនួន ៨ប៊ីលានដុល្លារអាម៉េរិកនេះ គឺជាការបំបែកកំណត់ត្រាពាណិជ្ជកម្មទ្វេភាគីនៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ។ លោកស្រីបានបន្តទៀតថា “សម្រាប់រយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០១៩ ពាណិជ្ជកម្មរបស់យើងបានឈានដល់៣.២ប៊ីលានដុល្លារអាម៉េរិក ដែលក្នុងនោះប្រទេសថៃ​បានធ្វើការនាំចេញដែលមានតម្លៃ២.៩ប៊ីលានដុល្លារអាម៉េរិកមកកម្ពុជា ដោយមានកំណើន ៤.៥ភាគរយ ហើយកម្ពុជាបានធ្វើការនាំចេញដែលមានតម្លៃ ០,៣ប៊ីលានដុល្លារអាម៉េរិក​ទៅកាន់ប្រទេសថៃវិញ។ លោកស្រីបានបន្ថែមថា ប្រទេសកម្ពុជានាំចេញភាគច្រើននូវបន្លែ ផ្លែឈើ ខ្សែកាប រ៉ែត្បូង និងសម្លៀកបំពាក់ទៅកាន់ប្រទេសថៃ។ ចំណែក ផលិតផលនាំចូល​សំខាន់ៗ​របស់​ប្រទេសកម្ពុជាពីប្រទេសថៃវិញរួមមាន ប្រេង ត្បូង និងគ្រឿងអលង្ការ ភេសជ្ជៈ ម៉ូតូ ប្លាស្ទិក និងគ្រឿងសម្អាង។

ទាក់ទងទៅនឹងការវិនិយោគផ្ទាល់ពីបរទេស (FDI) បច្ចុប្បន្ននេះ ប្រទេសថៃស្ថិតនៅលំដាប់ទី ៩ នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ហើយក្រុម​ហ៊ុន​ភាគច្រើននៅក្នុងប្រទេសថៃបានពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ដោយឡែក ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ទី ១១ សម្រាប់ការនាំចេញរបស់ប្រទេសថៃ បន្ទាប់ពីសហរដ្ឋ​អាមេរិក ចិន ជប៉ុន វៀតណាម ហុងកុង ម៉ាឡេស៊ី អូស្ត្រាលី ឥណ្ឌូណេស៊ី ឥណ្ឌា និងសិង្ហបុរី។

យោងតាមឯកសារកំណត់ត្រារបស់ក្រសួងពាណិជ្ជកម្មថៃបានបង្ហាញថា កម្ពុជាស្ថិត​នៅលំដាប់ទី៦ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ាន និងលំដាប់ទី២ ក្នុងចំណោមបណ្តា ប្រទេស CLMV ដែលរួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម សម្រាប់ពាណិជ្ជ កម្ម ទ្វេភាគីជាមួយថៃ។

លោកស្រី Vannaphorn បានបញ្ជាក់បន្ថែមថា “ចំពោះរដ្ឋាភិបាលថៃ យើងនៅតែបន្ត​គាំទ្រក្រុមហ៊ុនថៃក្នុងការវិនិយោគនៅកម្ពុជាក្នុងវិស័យដែលមានសក្តានុពល។ យើងបាន បង្កើតមជ្ឈមណ្ឌលគាំពារអាជីវកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន និងការិយាល័យកិច្ចការធុរកិច្ច​នៅទីក្រុងភ្នំពេញ ដើម្បីផ្តល់ព័ត៌មានទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេស​កម្ពុជា។”

ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពថៃ​ប្រចាំ​កម្ពុជាបានសរសេរនៅក្នុងគេហទំព័ររបស់ស្ថានទូតថៃប្រចាំកម្ពុជាថា “ជាមួយនឹងការរីក​ចម្រើននៃ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាការពង្រីកការតភ្ជាប់ទំនាក់ទំនង តាមរយៈ​ប៉ុស្តិ៍ ព្រំដែនរវាងថៃ និងកម្ពុជា យើងសង្ឃឹមថា លំហូរពាណិជ្ជកម្មនឹងបន្តកើនឡើងដល់តម្លៃ ១៥ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២០”។ យោងតាមកំណត់ត្រារបស់ស្ថានទូតថៃប្រចាំ កម្ពុជាបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរថៃដែលមកទស្សនាប្រទេសកម្ពុជាមានប្រមាណ ៤០០.០០០នាក់ និងភ្ញៀវទេសចរប្រមាណ៨០០.០០០នាក់ពីប្រទេសកម្ពុជាទៅ​ទស្សនានៅ​ប្រទេសថៃ។ បច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ៣០០នាក់ទទួលបានអាហារូបករណ៍ពី​ស្តេចថៃជារៀងរាល់ឆ្នាំ ព្រមទាំងពលករកម្ពុជាជាង១.៥លាននាក់ បានចុះឈ្មោះធ្វើការ និងរស់នៅនៅក្នុងប្រទេសថៃ។
ជាមួយគ្នានេះដែរ សម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើត​ឡើងនៅខែសីហា ឆ្នាំ១៩៦៧ ដោយឆ្ពោះទៅរកបាវចនារួមគ្នាមួយ គឺ «ទស្សនតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ» ដែលប្លុកនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុង​ការ​លើកកម្ពស់ពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសជាមួយប្រទេសថៃ។ នៅក្នុងឆ្នាំនេះ ព្រះរាជា​ណាចក្រថៃជាប្រធានអាស៊ានដោយផ្តោតសំខាន់លើប្រធានបទ “ការជំរុញភាពជាដៃគូ​សម្រាប់​និរន្តរភាព” ហើយដែលលទ្ធផលជាវិជ្ជមានរបស់តំបន់ក្នុងឆ្នាំ២០១៩ នេះនឹងរួម​ចំណែក​ដល់ការពន្លឿនពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ រវាងកម្ពុជា និងថៃ៕

ដោយ យា ចិន្តាខន្តី