រដ្ឋមន្រ្តីការពារជាតិវៀតណាមសរសើរអំពីតួនាទីរបស់ថៃ នៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩​ — ឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម បានសាទរចំពោះតួនាទីរបស់ប្រទេសថៃក្នុងការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិក្នុងចំណោមរដ្ឋសមាជិកអាស៊ាន នៅក្នុងកិច្ចប្រជុំរបស់លោកជាមួយឧត្តមសេនីយ៍ Prawit Wongsuwan រដ្ឋមន្ត្រីការពារជាតិថៃ នៅទីក្រុងបាងកក កាលពីថ្ងៃទី ១០ ខែកក្កដា ខណៈដែលលោក Lich កំពុងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៣ (ADMM-13) នៅទីក្រុងបាងកក។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោកបានអបអរសាទរប្រទេសថៃចំពោះការរៀបចំការបោះឆ្នោតជាសកល និងការបង្កើតរដ្ឋាភិបាលថ្មី។ លោកបានសម្តែងនូវជំនឿជឿជាក់ថា នៅក្រោមការគ្រប់គ្រងរបស់ស្តេចរ៉ាម៉ាទី ១០ និងរដ្ឋបាលនៃរដ្ឋាភិបាលថ្មី ប្រទេសថៃនឹងបន្តអភិវឌ្ឍន៍យ៉ាងរឹងមាំ ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងកាន់តែមានប្រសិទ្ធភាពជាងមុន។

លោករដ្ឋមន្ត្រី Lich ក៏បានអបអរសាទរផងដែរដល់ក្រសួងការពារជាតិថៃ អំពីការរៀបចំកិច្ចប្រជុំយោធាការពារជាតិប្រកបដោយជោគជ័យ ដោយលោកបានសង្កត់ធ្ងន់ថា លោកជឿជាក់ថាព្រឹត្តិការណ៍បន្ទាប់ដែលរៀបចំដោយប្រទេសថៃនឹងរួមចំណែកក្នុងការរក្សាសាមគ្គីភាព និងការដើរតួនាទីឈានមុខគេក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិនៅក្នុងអាស៊ាន។

វៀតណាមបានគាំទ្រគំនិតផ្តួចផ្តើមរបស់ថៃក្នុងឋានៈជាប្រធានអាស៊ាន រួមទាំងការពិភាក្សាអំពីការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងគ្មានច្បាប់កំណត់ (IUU) តួនាទីរបស់កងកម្លាំងប្រដាប់អាវុធ និងភ្នាក់ងារការពារជាតិ សេចក្តីព្រាងនៃគំនិតផ្តួចផ្តើម ADMM ដើម្បីធានានូវកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព តួនាទីរបស់ភ្នាក់ងារការពារជាតិ និងកងទ័ពនៃបណ្ដាប្រទេសជាសមាជិកអាស៊ានក្នុងការគាំទ្រដល់ការគ្រប់គ្រងតាមព្រំដែន។

ចំពោះប្រទេសថៃ លោក Prawit បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាមចំពោះការគាំទ្ររបស់ខ្លួនដល់ប្រទេសថៃ ខណៈដែលប្រទេសនេះកំពុងកាន់តំណែងជាប្រធានអាស៊ាន ដោយលោកបានអះអាងថា ប្រទេសថៃនឹងគាំទ្រយ៉ាងខ្លាំងក្លាដល់វៀតណាមដើម្បីធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២០ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)