កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ានប្រារព្ធធ្វើឡើងនៅប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩​ — កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) កំពុងប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដា ក្រោមប្រធានបទ «សន្តិសុខប្រកបដោយចីរភាព»។
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ Ngo Xuan Lich។

អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោកឧត្តមសេនីយ៍ Kongcheep Tantravanich បាននិយាយថា ព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថាជាឱកាសមួយដើម្បីកសាងនូវការអភិវឌ្ឍផ្នែកយោធារបស់ប្លុកអាស៊ាន។
នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិមកពីបណ្តាប្រទេសនៅអាស៊ាននឹងពិភាក្សាអំពីគំនិតផ្តួចផ្តើមក្របខ័ណ្ឌអាស៊ាន ស្តីពីគោលនយោបាយសន្តិសុខទំនើប និងគោលនយោបាយបរិស្ថាន ព្រមទាំងតួនាទីរបស់អាស៊ាននៅក្នុងការគ្រប់គ្រងតំបន់ព្រំដែន។

ការពង្រីកការទំនាក់ទំនងផ្ទាល់តាមរយៈខ្សែទូរស័ព្ទបន្ទាន់រវាងប្រទេសអាស៊ានទាំង ៦ ជាមួយនឹងសហរដ្ឋអាមេរិក នូវែលហ្សេឡង់ អូស្ត្រាលី រុស្សី កូរ៉េខាងត្បូង ចិន ឥណ្ឌា និងជប៉ុន ព្រមទាំងជំនួយផ្នែកវេជ្ជសាស្រ្តយោធាក៏នឹងត្រូវដាក់ជូនផងដែរ។

បណ្តារដ្ឋមន្ត្រីទាំងនេះគ្រោងនឹងធ្វើសេចក្តីព្រាងប្រកាសដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហានេសាទខុសច្បាប់ ដែលមិនបានរាយការណ៍ និងមិនមានច្បាប់កំណត់ (IUU) ដែលទទួលស្គាល់នូវមធ្យោបាយយោធាអាចជួយដោះស្រាយបញ្ហានេះបាន ខណៈដែលសង្កត់ធ្ងន់ទៅលើការរីកចម្រើនរបស់សមាជិកអាស៊ាន ដើម្បីទទួលបានប្រយោជន៍ដល់ប្រជាជាតិទាំងអស់តាមរយៈ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ សមាហរណកម្មដ៏រឹងមាំ និងការគាំទ្រដល់សកម្មភាពពាក់ព័ន្ធនឹងសសរស្តម្ភសំខាន់ៗចំនួនបីរបស់សហគមន៍អាស៊ាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)