ព្រះមហាក្សត្រថៃគាំទ្រគណៈរដ្ឋមន្ត្រីថ្មីរបស់រដ្ឋាភិបាលលោក ប្រាយុទ្ធ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា   ឆ្នាំ២០១៩ រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃនៅក្រោមការដឹកនាំរបស់នាយរដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់-អូ-ចា ( Prayut Chan-O-cha ) ត្រូវបានគាំទ្រដោយព្រះក្សត្រ មហា វ៉ាជីរ៉ាឡុង កន ( Maha Vajialong Korn ) ។

រាជកិច្ចបានផ្សាយកាលពីថ្ងៃពុធ ជួរគណៈរដ្ឋមន្ត្រីមានសមាជិក៣៦រូប នៃរដ្ឋាភិបាលលោក ប្រាយុទ្ធ ថ្មីដែលរួមទាំងនាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកដំណាលគ្នានូវមុខតំណែងជារដ្ឋមន្ត្រីការពារប្រទេសផង នោះ។

រដ្ឋាភិបាល លោក បា្រយុទ្ធ ថ្មីដែលមានគណបក្សយ៉ាងសំខាន់៣ គឺគណបក្សបាឡាងប្រាចារ៉ាត, គណបក្សប្រជាធិបតេយ្យ និងគណបក្សភូមិជៃថៃបូកគណបក្ស ដែលបំបែកចេញពីក្រុមធំ១៦នោះ មាន ឧបនាយករដ្ឋមន្ត្រីសរុបទាំងអស់៥រូប ដែល៣រូបនៃពួកគេមានមុខតំណែងរបស់ខ្លួន ដែលឥតផ្លាស់ប្តូរ ពីរដ្ឋាភិបាលលោក ប្រាយុទ្ធ ពីមុននៅមុនការបោះឆ្នោតទូទៅ ។

ឧបនាយករដ្ឋមន្ត្រីទាំង៣រូបនោះរួមមានលោក ប្រវិត វ៉ុងស៊ូវ៉ាន ( Prawit wongsuwan ) ទទួលបន្ទុក កិច្ចការសន្តិសុខ, លោក សំគីត ចាទូស្រ៊ីពីតាក់ (  Somkit Jatusripitak ) ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិង លោកវីស្សានូ គ្រៀ-ង៉ាម ( Wissanu Krea-ngam ) ទទួលបន្ទុកកិច្ចការច្បាប់។ ឧបនាយករដ្ឋមន្ត្រី២រូបទៀត គឺ មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក ជូរីន ឡាក់ សាណាវីស៊ីត ( Juurin Laksanawisit )ដែលទទួល បន្ទុកដំណាល់គ្នានូវមុខតំណែងជារដ្ឋមន្ត្រីពាណិជ្ជកម្មនិងមេដឹកនាំគណបក្សភូមិជៃថៃ លោក អានូទីនចាន- វីរ៉ាក់គុល( Anutin Charnrirakul )ដែលទទួលបន្ទុកដំណាលគ្នាមុខតំណែងជារដ្ឋមន្ត្រីសុខាភិបាល សាធារណៈ ។

មេដឹកនាំគណបក្សប៉ាឡាង ប្រាចារ៉ាត លោក អ៊ុត្តាម៉ា សាវ៉ាណាយ៉ាណា ( Uttama Savaanayana ) បានក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុដោឡែកអគ្គលេខាធិការគណបក្ស ប៉ាឡាង ប្រាចារ៉ាត លោក សុន ទីរ៉ាត – សុនទីជីរ៉ាវ៉ុង ( Sontivat Sontijirawong ) បានក្លាយទៅជារដ្ឋមន្ត្រីថាមពល ។

លោក ដុន ប្រាមុដវី ណៃ ( Don Pramudwinai ) បានទទួលតំណែងជារដ្ឋមន្ត្រីកិច្ចការបរទេស។ លោក អានូពង់ផៅចិនដា ( Anupong Paojinda ) ជារដ្ឋមន្ត្រីមហាផ្ទៃ និងលោក ចៃចាន ចាងម៉ុងគុល (  Chaicharn Changmongkol ) ជាអនុរដ្ឋមន្ត្រីការពារប្រទេស ។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យ លោក ចាឡឺមចៃ ស្រ៊ី-អុន ( Chalermchai Sri-on ) បាន ក្លាយទៅជារដ្ឋមន្រ្តីកសិកម្មនិងកិច្ចសហប្រតិបត្តិការដោយលែកអគ្គលេខាធិការគណបក្សភូមិជៃថៃ លោក សាស់សាយ៉ាមជីតចប ( Saksayem Chidchob ) បានក្លាយជារដ្ឋមន្ត្រីដឹកជញ្ជូន ។

លោក ប្រាយុទ្ធ នឹងដឹកនាំរដ្ឋមន្ត្រីគណរដ្ឋមន្ត្រីទាំងអស់នៅក្នុងពិធីស្បថចូលកាន់តំណែងក្នុងអំឡុងធ្វើព្រះរាជសវនាការមួយជាមួយព្រះមហាក្សត្រមុនចូលកាន់តំណែង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)