អភិបាលខេត្តបាត់ដំបង ប្រគល់ផ្ទះ៤ខ្នងជូនអតីតយុទ្ធជន នៅស្រុករតនមណ្ឌល

AKP បាត់ដំបង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ — នៅថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បាននាំយកអំណោយជាផ្ទះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនអតីតយុទ្ធជនចំនួន ៤គ្រួសារ ដែលមានជីវភាពក្រីក្រ គ្មានទីជម្រកសមរម្យ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង រួមមាន៖ គ្រួសារដែលទទួលផ្ទះ ទី១-ឈ្មោះ លេន រ៉ើយ ជាជនពិការ ភេទប្រុស អាយុ ៤៨ឆ្នាំ ស្ថិតនៅភូមិស្វាយជួរ ឃុំអណ្តើកហែប, ទី២-ឈ្មោះ តាប់ ឌឿម ជាជនពិការ ភេទប្រុស អាយុ ៦៣ឆ្នាំ ស្ថិតនៅភូមិអណ្តើក១១ ឃុំរស្មីសង្ហា, ទី៣-ឈ្មោះ ផង់ ផែន ជាជនបាត់បង់លទ្ធភាពពលកម្ម ភេទប្រុស អាយុ ៤៥ឆ្នាំ ស្ថិតនៅភូមិផ្លូវមាស ឃុំផ្លូវមាស, និង ទី៤-ឈ្មោះ មោ គល់ ជានិវត្តន៍ជន ភេទប្រុស អាយុ៦៥ឆ្នាំ ស្ថិតនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្នុងមួយគ្រួសារៗទទួលបានផ្ទះទំហំ ៤ម៉ែត្រx៦ម៉ែត្រ តសំយ៉ាបក្រោយ ទំហំ ៣ម៉ែត្រx២,៥ម៉ែត្រ ព្រមទាំងទទួលបានគ្រឿងឧបភោគ ក្នុងមួយគ្រួសារៗរួមមាន៖ គ្រែ ០១, អង្ករ ១០០គីឡូក្រោម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ០១យួរ, មុង ០១, ភួយ ០១, កន្ទេល ០១ ថវិកា ២០ម៉ឺនរៀល និង ឆ្នាំង ចានមួយចំនួនផងដែរ ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ទៅកាន់អតីតយុទ្ធជនថា នៅក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន ដែលបានលះបង់អាយុជីវិតក្នុងការចូលរួមរកសុខសន្តិភាពរហូតមានអ្នកខ្លះពិការ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និង ត្រូវចុះសួរសុខទុក្ខ ព្រមទាំងជំរុញលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនថែទាំសុខភាពខ្លួនឱ្យបានល្អ  ពីព្រោះថា សុខភាពជាកត្តាសំខាន់សម្រាប់ការរស់នៅក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្អូនផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ជូនអតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល និងសារុង ០១ ជាអំណោយរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថវិការឧបត្ថម្ភបន្ថែមរបស់រដ្ឋបាលខេត្តចំនួន ២០ម៉ឺនរៀលក្នុងមួយខ្នងផ្ទះសម្រាប់ជាចំណងដៃក្នុងពិធីឡើងគេហដ្ឋានថ្មី ៕

ដោយ ណនឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)