អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះត្រួតពិនិត្យការអនុវត្តការងារតាមបណ្តាការដ្ឋាន ក្នុងរមណីយដ្ឋានអង្គរ

AKP សៀមរាប ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ប្រ ធាននាយកដ្ឋាន មន្ត្រីជំនាញ និងប្រធានគម្រោងនៅតាមបណ្តាការដ្ឋាននីមួយៗ បានចុះត្រួតពិនិត្យ និងតាមដានដំណើរការវិវត្តការងារផ្សេងៗនៅក្នុងតំបន់អង្គរ ដែលការចុះត្រួតពិនិត្យការ អនុវត្តការងារនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងដំណើរការត្រួតពិនិត្យនិងតាមដានការវិវត្តនៃការងារនេះ គណៈប្រតិភូអគ្គនាយកបានផ្តោតទៅលើដំណើរការជួសជុល កែលម្អបញ្ជរលក់សំបុត្រចាស់ ឱ្យទៅជាមជ្ឈមណ្ឌលបម្រើសេវាកម្មរបស់អាជ្ញាធរជាតិអប្សរា គម្រោងអភិវឌ្ឍន៍ផ្លូវកង់សម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងតំបន់អង្គរ ការដ្ឋានជួសជុលស្រះទឹកក្នុងអង្គរវត្តផ្នែកខាងជើង ការរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថានល្អតាមដងផ្លូវជុំវិញកសិន្ធុប្រាសាទអង្គរវត្ត និងធ្វើឱ្យប្រសើរឡើងវិញនៅកន្លែងចំណតរថយន្តបណ្តោះអាសន្ន។

នៅក្នុងដំណើរការត្រួតពិនិត្យការងារនេះដែរ ឯកឧត្តម ហង់ ពៅ បានស្តាប់យ៉ាងយកចិត្តទុកដាក់នូវរាល់បញ្ហាប្រឈមនានារបស់អ្នកជំនាញលើគម្រោងនីមួយៗ។ ឯកឧត្តម ហង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារប្រកបដោយជំនាញបច្ចេក ទេស និងទំនួលខុសត្រូវខ្ពស់ ជាពិសេសការគោរពទៅតាមបទដ្ឋានជួសជុល អភិរក្សដែលអ្នកជំនាញការ អាយស៊ីស៊ី-អង្គរ បានផ្តល់ជូននាពេលកន្លងមក។ បន្ថែមពីនោះ ឯកឧត្តមក៏បាន   ​ ផ្តល់នូវមតិកែលម្អដើម្បីអភិវឌ្ឍន៍ការងារឱ្យកាន់តែប្រសើរ ព្រមទាំងទទួលយកនូវរាល់សំណូមពរពីអ្នកជំនាញ និងកម្មករជំនាញប្រចាំការដ្ឋានទាំងនោះផងដែរ ៕

ដោយ ហង្ស សៀក