អភិបាលខេត្តកណ្តាលបើកការដ្ឋានកសាងផ្លូវបេតុង១ខ្សែ នៅស្រុកកណ្តាលស្ទឹង

AKP កណ្ដាល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ — នៅថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានបើកការដ្ឋានកសាងផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង ៧៧០ម៉ែត្រ ទទឹង ៦ម៉ែត្រ ឆ្ឆ្លងកាត់ភូមិអន្លង់រមៀតខាងលិច និង ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង។  ពិធីនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ មានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ត្រូវរួសរាយរាក់ទាក់បម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយការផ្តល់សេវាត្រូវឱ្យបានលឿន ត្រឹមត្រូវតាមតម្លៃសេវាដែលបានកំណត់ និង ពេញលេញ ជូនដល់ប្រជាពលរដ្ឋ ដោយប្រែក្លាយពីអ្នកត្រួត ត្រា ទៅជាអ្នកផ្តល់សេវាសាធារណៈ ឬសេវារដ្ឋបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកប ដោយប្រសិទ្ធភាព និងបានល្អ។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលនាំឱ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឱ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដ៏ ឆ្នើម។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឱ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋាន ជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្ត   កណ្តាល)