ឯកឧត្ដម ឃួង ស្រេង៖  បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ និងសំរាមជាបញ្ហាប្រឈមនៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានប្រសាសន៍ថា បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ និងសំរាម ជាបញ្ហាប្រឈមនៅរាជធានីភ្នំពេញ ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំងអស់ត្រូវរួមគ្នាអនុវត្តន៍ការងារនេះឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋ ។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍លើកឡើងបែបនេះកាលពីព្រឹកថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីបន្តការដាក់វិធានការទៅលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បញ្ហាបរិស្ថាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ពិសេសនៅរាជធានីភ្នំពេញ ។ទន្ទឹមនឹងការរីកចម្រើននេះ ប្រមុខដឹកនាំកម្ពុជាក៏បានបង្ហាញនូវបញ្ហាប្រឈមចំនួន២ផងដែរនៅ គឺបញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ និងបញ្ហាសំរាមដែលទាមទារឱ្យអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ឱ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់លើការគ្រប់គ្រងស្ថិតិអ្នកស្នាក់នៅក្នុងសណ្ឋាគារ និងខុនដូ ដើម្បីពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពក្នុងរាជធានីភ្នំពេញបន្ថែមទៀត ។ ជាពិសេសការជូនដំណឹងផ្សព្វផ្សាយ ណែនាំដល់ម្ចាស់អាជីវកម្មដែលមានផ្ទះល្វែងជួល ឬលក់រថយន្ត និងលក់សំបុត្ររថយន្តក្រុង នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានខ្ជាប់ ខ្ជួន ។ ក្រៅពីនេះក៏នៅមានបញ្ហាផ្សេងៗមួយចំនួនទៀត ដូចជា អនាម័យ បរិស្ថាន និងរបៀបរៀបរយសាធារណៈតាមដងផ្លូវ ពិសេសនៅតំបន់ទីតាំងដីឡូត៍ទំនេរគ្មានម្ចាស់ និងគ្មានសណ្ដាប់ធ្នាប់ ដែលគណៈប្រតិភូឆ្លងកាត់ផងដែរ ៕

ដោយសួស សំរិត