នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចុះពិនិត្យករណីបាក់ច្រាំងទន្លេ ក្នុងខេត្តកំពង់ចាម និងរកវិធីទប់ស្កាត់កុំឱ្យផ្លូវបាក់ស្រុត

AKP កំពង់ចាម ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ — ឆ្លើយតបទៅនឹងការសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសហ ការីបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រអញ្ជើញ ចុះពិនិត្យមើលករណីបាក់ច្រាំង ទន្លេក្នុងភូមិ សាស្ត្រភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ឃុំពាម កោះស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមអាជ្ញាធរខេត្តកំពង់ចាមបានឱ្យដឹងថា កាលពីរដូវទឹកសម្រកទន្លេមេគង្គឆ្នាំ២០១៨ កន្លងទៅ  ច្រាំងទន្លេនៅភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ក្នុងឃុំកោះស្លា ស្រុកស្ទឹង ត្រង់ខេត្ត ពិសេសនៅចំណុចមុខសាលាបឋមសិក្សាព្រះអណ្តូងទទួលរងនូវការបាក់ ស្រុតជា បន្តបន្ទាប់ ដែលបណ្តាលឱ្យផ្លូវខេត្តលេខ ២២៣ ប្រវែង៣០០ម៉ែត្រ ប្រឈមនឹងការបាក់ស្រុត ដែលអាចនាំឱ្យកាត់ផ្តាច់ចរាចរណ៍ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយដោយសាររដ្ឋបាលខេត្តពុំមានបច្ចេកទេស និងថវិកាគ្រប់គ្រាន់ក្នុងការ សិក្សាលក្ខណៈបច្ចេកទេស ដើម្បីបញ្ចៀសការបាក់ស្រុតច្រាំង ទន្លេដែលនឹងឈានដល់ ការកាត់ផ្តាច់ចរាចរណ៍នៅត្រង់ចំណុចខាងលើ ពិសេសនៅមុនរដូវទឹកឡើង ឆ្នាំ២០១៩ នេះ អាជ្ញាធរខេត្តបានសុំកិច្ចអន្តរាគមន៍ដល់ក្រសួង ធនធានទឹក និងឧតុនិយម ក្នុងការចុះសិក្សា លក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបាក់ស្រុតផ្លូវខេត្តលេខ២២៣ នៅត្រង់ចំណុចប៉ះ ពាល់ ខាងលើឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនៃការអញ្ជើញចុះពនិត្យច្រាំង ទន្លេបាក់ក្នុងភូមិសាស្ត្រ ភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ឃុំពាម កោះស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនេះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់ពលរដ្ឋប្រមាណ១៣០គ្រួសារ ដែលទទួលរងនូវ ផលប៉ះពាល់ពីការបាក់ច្រាំងទន្លេឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ជាពិសេសនៅពេលទឹកឡើងក្នុងពេលណាមួយនោះ ខណៈដែលបច្ចុប្បន្ននេះច្រាំងទន្លេ នៅទីនោះបានបាក់ចាប់ពី១០ ទៅ ៣០ម៉ែត្រ រួចមកហើយនោះ ហើយការដែល ឯកឧត្តម អញ្ជើញចុះមកពិនិត្យមើលដោយផ្ទាល់នាពេលនេះគឺ ដើម្បីរកវិធីទប់ស្កាត់កុំឱ្យផ្លូវខេត្តលេខ ២២៣ ប្រវែង៣០០ម៉ែត្រ បាក់ស្រុតបាន៕

ដោយ ប៉ាល់ សុង