អភិបាលរាជធានីភ្នំពេញណែនាំឲ្យរដ្ឋបាលខណ្ឌទំាង១៤ រួមគ្នាលុបបាត់បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍និងបញ្ហាសំរាមនៅតាមទីសាធារណៈ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

អភិបាលរាជធានីភ្នំពេញណែនាំឲ្យរដ្ឋបាលខណ្ឌទំាង១៤ រួមគ្នាលុបបាត់បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍និងបញ្ហាសំរាមនៅតាមទីសាធារណៈឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់សោភ័ណភាពនិងសណ្តាប់ធ្នាប់សង្គម។


ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបានបញ្ជាឲ្យ អាជ្ញាធរខណ្ឌទាំង១៤និងសង្កាត់ទាំងអស់ត្រូវរួមគ្នាធ្វើយ៉ាងណា ដោះស្រាយឲ្យបានបញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងបញ្ហាគំនសំរាមនៅតាមនិងនៅទីប្រជុំជន ដើម្បីធានាសុខមាលភាពនិងសណ្តាប់សាធារណៈ។ ឯកឧត្តមឃួងស្រេងបានមានប្រសាសន៍ថាកាលពីពេលថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបានបង្ហាញពីការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ទន្ទឹមនឹងការរីកចំរើននេះប្រមុខដឹកនាំកម្ពុជាក៏បានបង្ហាញនូវបញ្ហាប្រឈមចំនួន២ផងដែរនៅគឺបញ្ហាសណ្តាប់ធ្នាប់ចរាចរនិងបញ្ហាសំរាមដែលទាមទារឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ឱ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។


ក្នុងឱកាសនោះដែរឯកឧត្តមឃួងស្រេងក៏បានសង្កត់ធ្ងន់លើការគ្រប់គ្រងស្ថិតិអ្នកស្នាក់នៅក្នុងសណ្ឋាគារនិងខុនដូដើម្បីពង្រឹងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពក្នុងរាជធានីភ្នំពេញបន្ថែមទៀតជាពិសេសការជូនដំណឹងផ្សព្វផ្សាយណែនាំដល់ម្ចាស់អាជីវកម្មដែលមានផ្ទះល្វែងជួលឬលក់រថយន្តនិងលក់សំបុត្ររថយន្តក្រុងនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។

ក្រៅពីនេះក៏នៅមានបញ្ហាផ្សេងមួយចំនួនទៀតដូចជាអនាម័យបរិស្ថាននិងរបៀបរៀបរយសាធារណៈតាមដងផ្លូវពិសេសនៅតំបន់ទីតាំងដីឡូត៍ទំនេរគ្មានម្ចាស់និងគ្មានសណ្ដាប់ធ្នាប់ដែលគណៈប្រតិភូឆ្លងកាត់ផងដែរ។គណៈអភិបាលខណ្ឌទាំង១៤បានបេ្តជ្ញាពង្រឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈនិងការទប់ស្កាត់បទល្មើសនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យ មានប្រសិទ្ធិភាព៕