ឯកឧត្តម ស៊ុន ចាន់ថុល ចូលរួមក្នុងកិច្ចប្រជុំ  ស្តីពីវឌ្ឍនភាពគម្រោងជួសជុលផ្លូវ២២ខ្សែ ក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុង កិច្ចប្រជុំ ស្តីពីវឌ្ឍនភាពគម្រោងជួសជុលផ្លូវ២២ខ្សែ ក្នុងក្រុងព្រះសីហនុ និងមានការចូលរួម ផងដែរពីមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស នៅសាលប្រជុំសា លាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។តាមបទបង្ហាញ នៃវឌ្ឍនភាពគម្រោងកែលម្អជួសជុលផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ ក្នុងនោះរួមមាន៖ ១.វឌ្ឍនភាពគម្រោងជួសជុលផ្លូវ២២ខ្សែ។ ២. គម្រោងអនុវត្តន៍ប្រើប្រាស់ ថវិកាក្រសួងសាធារណការ និងដឹកជញ្ជូន។ ៣. ផែនការគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទេស ចរណ៍នាគរាជ។ ៤. ផែនការស្តាបនាផ្លូវក្នុងតំបន់អភិវឌ្ឍន៍ក្នុងកំពង់ផែឧកញ៉ាម៉ុង។ និង ៥. គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ជាការងារអាទិភាព ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ាននៅឆ្នាំ២០២២ ខាងមុខ។

យោងតាមជំពូក២១ (គម្រោងវិនិយោគផ្ទាល់) ក្រសួងប្រើប្រាស់ថវិកាជាតិជួសជុលផ្លូវ ចំនួន៣កំណាត់។ ក្រសួងក៏មានគម្រោងប្រើប្រាស់ឥណទានថវិការបស់រដ្ឋបាលថ្នាក់ក្រោម ជាតិ ជួសជុលផ្លូវក្នុងក្រុងចំនួន ១២ខ្សែ ក្នុងនោះមានផ្លូវចំនួន ៦ខ្សែ គ្រោងនឹងប្រើប្រាស់ថវិកា ដែលបានមកពីសំណងបណ្តាក្រុមហ៊ុន ឬវិនិយោគដែលធ្វើឱ្យផ្លូវខូចខាតក្នុងក្រុងព្រះសីហនុ ដោយសារការដឹកជញ្ជូនសម្ភារ ផ្សេងៗបម្រើការក្នុងការសាងសង់អាគារប្រកបអាជីវកម្ម ធំៗតាមផ្លូវធ្វើឱ្យខូចខាតផ្លូវក្នុងខេត្ត លើសពីនេះទៅទៀតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានគម្រោងប្រើប្រាស់ថវិកាផ្ទាល់របស់កំពង់ ផែទទួលបន្ទុក (Overlay) លើផ្លូវលេខ ៧០០ ។ គម្រោងផ្លូវសរុបដែលត្រូវជួសជុលទាំង១២ខ្សែ មានផ្លូវលេខ ១០០, ៨១៤, ៨១៨, ១០៣ ,១៤៣, ៧០១, ១០៨៣, ២០៩, ៨២៣, ៨២៧, ៨២១ និងផ្លូវលេខ៨២៥។

ដោយឡែកគម្រោងឥណទានថ្នាក់ក្រោមជាតិ ក្នុងការជួសជុលផ្លូវទាំង ១២ខ្សែ ក្នុង ក្រុងបានបើកដំណើរការដ្ឋានជួលជុលផ្លូវចំនួន៦ខ្សែរួចមកហើយ រីឯ៦ខ្សែផ្សេងទៀត រដ្ឋបាលខេត្តមានការខ្វះខាតថវិកា រង់ចាំប្រើប្រាស់គម្រោងថវិកាក្នុងឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយពន្លឿនគម្រោងប្រើប្រាស់ ឥណទានថ្នាក់ ក្រោមជាតិ ក្នុងការជួសជុលកំណាត់ផ្លូវ១២ខ្សែ ក្នុងក្រុងព្រះ សីហនុឡើងវិញ ដើម្បីជួយ សម្រួលចរាចរណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងកែលម្អសោភណភាព និងបរិស្ថានតំបន់ឆ្នេរ។ ឯកឧត្តមក៏បានស្នើសុំជួយពន្លឿការកែលម្អ អាងច្រោះនៅចុងអូរឈើ ទាល ដើម្បីលុបបំបាត់ក្លិនស្អុយដល់ភ្ញៀវទេសចរនិងប្រជាពលរដ្ឋម្យ៉ាងទៀតខេត្តព្រះសីហនុ និងរៀបចំធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រជុំទី៣នៅឆ្នេរអូរត្រេះនិងកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំ ២០២២នៅខេត្តព្រះសីហនុ ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាព ក្នុងការកៀរគរ ឬខ្ចីប្រភពថវិកាផ្សេងៗ ដើម្បីយកមកស្ថាបនាជួសជុលកំណាត់ផ្លូវ៦ខ្សែ ដែលខ្វះប្រភពថវិកា ដែលជាឥណទាន ថវិកាថ្នាក់ក្រោមជាតិ និងកែលម្អផ្លូវផ្សេងៗបន្ថែមទៀតក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំ ព្រឹត្តិការណ៍សំខាន់ៗនៅពេលខាងមុខមានដូចជា បុណ្យសមុទ្រនៅឆ្នាំ២០២០ និងរៀបចំ កិច្ចប្រជុំអាស៊ាននៅចុងឆ្នាំ២០២២ខាងមុខ ការជួសជុលផ្លូវឡើងវិញទាំង២២ខ្សែនេះ គឺដើម្បីកែប្រែមុខមាត់ខេត្តព្រះសីហនុ ក៏ដូចប្រទេសជាតិផងដែរ៕

ដោយ ងូ សុមុនី