ក្រសួងវប្បធម៌ គ្រោងបចំពិព័រណ៍វត្ថុបុរាណនៅសារមន្ទីរជាតិ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីទេសចរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ យី វិច្ឆិកា ១០ ០៧ ២០១៩

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងរៀបចំតាំងពិព័រណ៍វត្ថុបុរាណនៅសារមន្ទីរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ សិស្ស និស្សិត ចូលទៅមកទស្សនា ស្វែងយល់ពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ របស់ប្រទេសកម្ពុជាពីសម័យកាលមួយទៅសម័យកាលមួយ។


លោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ បានឲ្យដឹងថា គម្រោងរៀបចំពិព័រណ៍វត្ថុបុរាណនៅសារមន្ទីរជាតិនៅពេលខាងមុខនេះ គឺក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ និងភាពរីកចម្រើននៃប្រទេសកម្ពុជា ក្នុងសម័យបុរេប្រវត្តិ សម័យអង្គរ និងសម័យក្រោយអង្គរ។ លោកបន្តថា ពិព័រណ៍វត្ថុបុរាណនេះ នឹងត្រូវមានប្រធានបទច្បាស់លាស់សក្តិសមនឹងកិត្តិនាមរបស់កម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយៈ។


«ជាប្រយោជន៍យើងដឹងហើយការដាក់តាំងពិព័រណ៍ គឺយើងត្រូវថាអ្វីជាសារ មិនមែនគ្រាន់តែដាក់ឲ្យគេឃើញលំអភ្នែក ឲ្យគេទាក់ទាញតែប៉ុណ្ណឹងវាគ្មានន័យទេ បើយើងគ្មានសារអីឲ្យគេ។ ចឹងពិព័រណ៍ដែលយើងធ្វើហ្នឹងយើងត្រូវកំណត់អ្វីជាសម្រាប់ជូនដល់អ្នកទស្សនា»។
លោក គង់ វីរៈ បានបញ្ជាក់បន្ថែមថា ការតាំងពិព័រណ៍អាចនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ ក្រោយពីបានសិក្សាលើប្រធានបទស្នូលរួចរាល់។
សារមន្ទីរជាតិ ជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រតាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និង សម័យក្រោយៗមកទៀត ចំនួនជាង១ម៉ឺន៤ពាន់ រូបសំណាក មានដូចជា បដិមាព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងលំអ រូបសត្វ ធ្វើពីសំរិទ្ធ បំណែកជាគ្រឿងតុបតែង ខ្សែកធ្វើពីមាស កុលាលភាជន៍ ជាដើម៕