រាជរដ្ឋាភិបាល ស្នើឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ជួយបង្ហាញពីស្ថានភាពអភិវឌ្ឍន៍ និងការពិតនៅកម្ពុជាទៅកាន់អន្តរជាតិ

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា ១០ ០៧ ១៩៖


រាជរដ្ឋាភិបាលបានស្នើឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ជួយផ្សព្វផ្សាយពីស្ថានភាពអភិវឌ្ឍ ការរីកចម្រើនជាក់ស្តែងនៅកម្ពុជានាពេលបច្ចុប្បន្ននេះនៅតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ដើម្បីកុំឲ្យបណ្ដាប្រទេសទាំងនោះយល់ខុសមកលើកម្ពុជា បន្ទាប់ពីមានជនអគតិមួយចំនួនតូចដើរបង្ខូចការពិតនៅកម្ពុជា។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រីYong Sarah Zhouប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជាដែលត្រូវបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជាបានឲ្យដឹងថា កម្ពុជាទទួលបានការរីកចំរើនយ៉ាងខ្លំាងស្ទើគ្រប់វិស័យ ពិសេសការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែ ល្អប្រសើរ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលតែងតែរួមចំណែកក្នុងកិច្ចការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ។ ម្យ៉ាងវិញទៀត មូលនិធិរូបិយវត្ថុអន្តរជាតិបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសមត្ថភាពមន្រ្តីជំនាញកម្ពុជាតាមរយៈការបណ្តុះបណ្តាល,ការចែករំលែកបទពិសោធន៍ជាក់ស្តែង និងការអភិវឌ្ឍជំនាញដល់មន្រ្តីកម្ពុជាជាពិសេសការជ្រើសរើសមន្រ្តីសេដ្ឋវិទូកម្ពុជា ជាអ្នកហាត់ការប្រចាំនៅការិយាល័យមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជាថែមទៀតផង។
ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើលោកស្រីជួយផ្សព្វផ្សាយពីស្ថានភាពអភិវឌ្ឍ ការរីកចម្រើនជាក់ស្តែង និងការពិតនៅកម្ពុជានាពេលបច្ចុប្បន្ន ជូនដល់ដ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីនៅទីស្នាក់ការកណ្តាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាតាមវេទិកានានាដែលលោកស្រីអាចនឹងអញ្ជើញចូលរួម។
លោកស្រី Yong Sarah Zhou ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា បានសន្យានឹងជួយផ្សព្វផ្សាយពីស្ថានភាពអភិវឌ្ឍ ការរីកចម្រើនពិតជាក់ស្តែងនៅកម្ពុជា នៅតាមវេទិកានានាដែលលោកស្រីនឹងចូលរួម។
លោកស្រីបានកោតសរសើរ និងអបអរសារទរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានកន្លងមកនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងមូលនិធិរូបិយវត្ថុអន្តរជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះបេសកកម្មនៅកម្ពុជាក្នុងរយៈពេលប្រមាណ ៤ឆ្នាំមកនេះ ដែលជាឱកាសដ៏ពិសេស ក្នុងការអង្កេតដោយផ្ទាល់នូវវឌ្ឍនភាព ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា៕