តួកគីបញ្ជូនក្បួនរថយន្តយោធាយ៉ាងច្រើនទៅកាន់ព្រំដែនស៊ីរី 

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា  ឆ្នាំ២០១៩ — ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu  រាយការណ៍ពីថ្ងៃអង្គារថា ក្បួនរថយន្តយោធាតួកគីដ៏ច្រើនមួយត្រូវ បានគេបញ្ជូននឹងបានដាក់ពង្រាយកាលពីយប់ថ្ងៃចន្ទនៅក្នុងខេត្ត Hatay នៅភាគខាងត្បូងក្បែរព្រំដែន         ប្រទេសស៊ីរី ។

Anadolu  បាននិយាយថា ក្បួនរថពាសដែកតួកគីចំនួន៥០គ្រឿង ដែលរួមមានទាំងកងកុម្ម៉ង់ដូ ផងបានធ្វើដំណើររបស់ខ្លួនទៅកាន់ស្រុក Kirikhan របស់ខេត្ត Hatay ដែលមានព្រំដែនជាមួយខេត្តអ៊ីដលីប របស់ប្រទេសស៊ីរី ។

ប្រព័ន្ធផ្សព្វផ្សាយនេះមិនផ្តល់ឱ្យនូវហេតុផលណាមួយសម្រាប់ការបន្ថែមកម្លាំងយោធានេះទេ ប៉ុន្តែទង្វើនេះបានកើតឡើងនៅពេលមានសេចក្តីរាយការណ៍ព័ត៌មានពីការវាយប្រហារដោយយោធាស៊ីរីមួយនៅក្នុងប្រទេសស៊ីរីភាគខាងពាយ័ព្យ ។

ចាប់តាំងពីខែឧសភាមកតួកគី បានចោទប្រកាន់កងទ័ពស៊ីរីពីបទវាយប្រហារប៉ុស្តិ៍សង្កេតការណ៍ របស់ខ្លួនខ្លះនៅអ៊ីដលីប ។  ការវាយប្រហារថ្មីបំផុតបែបនេះ បានកើតឡើងកាលពីសប្តាហ៍កន្លងទៅនឹងដែលនាំឱ្យមានការបាញ់តគ្នារវាងភាគីទាំងពីរ ។

រដ្ឋាភិបាលស៊ីរី ដែលគាំទ្រដោយរុស្ស៊ីបានទាមទារឱ្យតួកគីដកចេញពីប្រទេសស៊ីរី ។  តែយ៉ាងណាក៏ដោយប្រទេសតួកគីបានទទូចថា ខ្លួនកំពុងវាយប្រហារពួករ៉ាឌីកាល់អ៊ិស្លាម និងពួក យុទ្ធជនឃឺដ ដែលកំពុងដាក់ការគំរាមកំហែងមួយដល់ទឹកដីរបស់ខ្លួននោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន  )