វៀតណាម និងកូរ៉េខាងត្បូងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ — វៀតណាម​ និងកូរ៉េខាងត្បូងបានព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួន​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គ្រឿងញៀន ឧក្រិដ្ឋកម្មសេដ្ឋកិច្ច ឧក្រិដ្ឋកម្មផ្លូវភេទ ការ​លាង​លុយកខ្វក់ នឹងការជួញដូរ។

ការព្រមព្រៀងគ្នានេះ ត្រូវបានសម្រេចក្នុងអំឡុងពេលកិច្ចចរចា រវាងរដ្ឋមន្រ្តីក្រសួង​សន្តិសុខ សាធារណៈវៀតណាមឧត្តមសេនីយ៍ To Lam និងលោក Moon Moo-il អគ្គព្រះរាជ​អាជ្ញា​របស់កូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅនេះ។

ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាដើម្បីលើកកម្ពស់ការគាំទ្រផ្នែកតុលាការព្រហ្មទណ្ឌ និងកិច្ចសហ-ការនៅក្នុងការធ្វើបត្យាប័ន នឹងការបញ្ជូនមនុស្សដែលត្រូវបានកាត់ទោស ខណៈពេលដែលការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបុគ្គលិក។

អគ្គមេធាវីលោក Moon Moo-Il បានវាយតម្លៃខ្ពស់ចំពោះដំណើរ​ទស្សនកិច្ចរបស់​រដ្ឋមន្ត្រី​​លោក To Lam ​ទៅកាន់ប្រទេស​ទេសកូរ៉េខាងត្បូង ដោយនិយាយថា វានឹងរួមចំណែក​ធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ រវាងប្រទេសទាំងពីរ ក៏ដូចជា​រវាង​ភ្នាក់ងារអនុវត្តន៍ច្បាប់កូរ៉េខាងត្បូង និងក្រសួងសន្តិសុខសាធារណៈវៀតណាម។

អគ្គព្រះរាជអាជ្ញាបានសម្តែងការសោកស្តាយ ចំពោះការរំលោភបំពាននាពេលថ្មីៗនេះ ទៅលើភរិយាជនជាតិវៀតណាម ដែលបានរៀបការជាមួយស្វាមីជនជាតិកូរ៉េរបស់នាង ហើយ​បានកត់សម្គាល់ថា ការិយាល័យព្រះរាជអាជ្ញាជាន់ខ្ពស់របស់កូរ៉េខាងត្បូង កំពុងធ្វើការ​ជា​មួយភ្នាក់ងារមានសមត្ថកិច្ចដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស ដើម្បីធានាសិទ្ធិ និង​ផលប្រយោជន៍ស្របច្បាប់របស់ជនបរទេសដែលរៀបការជាមួយជនជាតិកូរ៉េ។

ម្ចាស់ផ្ទះ និងភ្ញៀវកិត្តិយសបានសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍដ៏រឹងមាំក្នុងគ្រប់វិស័យ​នៃ​ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូង ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់​ទំនង​ការទូតកាលពី ២៥ឆ្នាំមុន ជាពិសេសចាប់តាំងពីពួកគេបានលើកកម្ពស់ទំនាក់ទំនងរបស់​ពួកគេ ​ចំពោះភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រកាលពីឆ្នាំ ២០០៩មក។

ពួកគេបានកត់សម្គាល់ពីការអនុវត្តអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីកិច្ច​សហ​ប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងកាត់ព្រំដែន ដែលត្រូវបានចុះហត្ថលេខា រវាង​ក្រសួងសន្តិសុខសាធារណៈ វៀតណាម និងការិយាល័យព្រះរាជអាជ្ញាជាន់ខ្ពស់របស់​កូរ៉េខាង​ត្បូងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Moon ទៅកាន់ប្រទេសវៀតណាមកាល​ពីខែមករា។

ភាគីទាំងពីរបានឯកភាពគ្នាថា អនុស្សរណៈនៃការយោគយល់បានបើកនូវជំពូកថ្មីមួយ ក៏ដូចជាបានបង្កើតផ្លូវ​ច្បាប់មួយសម្រាប់​ភាពជាដៃគូទ្វេភាគីផងដែរ៕

(ប្រភព VNA: បកប្រែដោយលោក មាស សំអុល)