ប្រមុខការទូតកម្ពុជា ជំរុញឲ្យនិសិត្សដែលទៅសិក្សានៅប្រទសជប៉ុន ខិតខំប្រឹងប្រែងរៀនសូត្រ

វិទ្យុជាតិកម្ពុជា៖ ដោយ អាត ចន្ធូ ៖ ប្រមុខការទូតកម្ពុជា ជំរុញឲ្យនិស្សិតកម្ពុជា ដែលបានជាប់អាហារូប​ករណ៍សិក្សា​នៅប្រទេស​ជប៉ុន ខិតខំប្រឹងប្រែងរៀនសូត្រនូវជំនាញថ្មីៗ ដើម្បីយកមកធ្វើការអភិវឌ្ឍប្រ​ទេសជាតិឲ្យ​កាន់តែរីកចម្រើនបន្ថែមទៀត។


ថ្លែងក្នុងឱកាសអនុញ្ញាតឲ្យនិស្សិតកម្ពុជាចំនួន២៤នាក់ ដែលបានប្រឡងជាប់អាហារូបករណ៍ក្រោមគម្រោង JDS របស់រដ្ឋាភិបាលជប៉ុន ចូលជួបសម្ដែងការគួរសម នៅទីស្ដីកាក្រសួងការបរទេស កាលពីថ្ងៃទី៩ ខែកក្កដា ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឲ្យពួកគេខិតខំសិក្សាស្រាវជ្រាវឲ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗពីប្រទេសជប៉ុន ដើម្បីយកចំណេះ និងជំនាញទាំងពីទីនោះ មកធ្វើការអភិវឌ្ឍប្រទេសជាតិវិញ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានចែករំលែកដល់និស្សិតអាហារូបករណ៍ នូវចំណេះដឹងនិងព័ត៌មានមួយចំនួនទាក់ទងនឹងប្រជាជន និងប្រទេសជប៉ុន ដែលធ្លាប់រងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារសង្រ្គាមពីអតីតកាល ហើយអាចអភិវឌ្ឍន៍ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣លើពិភពលោកនាពេលបច្ចុប្បន្ន តាមរយៈការអភិវឌ្ឍធនធានមនុស្ស។
ជាមួយគ្នានេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់និស្សិតទាំងនេះ ត្រៀមលក្ខណៈឲ្យបានល្អ និងស្វែងរកព័ត៌មានឲ្យបានគ្រប់គ្រាន់ ដើម្បីទប់ទល់នូវការប្រឈមមួយចំនួន ដែលអាចកើតមានឡើងអំឡុងពេលសិក្សា ពិសេសលើជីវភាពរស់នៅ ម្ហូបអាហារ ធាតុអាកាស និងទំនៀមទំលាប់ ប្រពៃណី ព្រមទាំងបង្កើនទំនាក់ទំនងល្អជាមួយនិស្សិតបរទេស ហើយប្រកាន់ខ្ជាប់នូវវិន័យ និងសេចក្តីថ្លៃថ្នូរ ដោយថែរក្សាបាននូវកិត្តិយសរបស់ខ្លួន និងប្រទេសជាតិ។
តំណាងនិស្សិតទាំង២៤នាក់ បានថ្លែងអំណរគុណចំពោះអនុសាសន៍ដ៏មានតម្លៃរបស់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី និងបានប្តេជ្ញាចិត្តមុតមាំក្នុងការខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ នៅក្នុងអំឡុងពេលសិក្សារបស់ខ្លួននៅប្រទេសជប៉ុន។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ និស្សិតដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនមានសរុបចំនួន២៦នាក់ ក្នុងនិស្សិតថ្នាក់អនុបណ្ឌិតមានចំនួន២៤នាក់ និងនិស្សិតថ្នាក់បណ្ឌិតមាន ចំនួន២នាក់៕