សហរដ្ឋអាមេរិក យល់ព្រមលក់អាវុធឲ្យកោះតៃវ៉ាន់ទោះបីជាមានការព្រមានពីមហាយក្សចិន

វិទ្យុជាតិកម្ពុជា៖

លោក ភួង ឈុនលាង មន្ទីរបញ្ចកោណ បាននិយាយថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់អាវុធជា ទ្រង់ទ្រាយធំ ឱ្យកោះតៃវ៉ាន់ដែលមានតំលៃជាង ២ពាន់លានដុល្លារដែលរួមមានរថក្រោះ M1A2T Abrams (អឹម វ័ន អេ ធូ ធី អាប្រាមស៍) ១០៨គ្រឿង មីស៊ីល Stinger (ស្ទីងជើ)២៥០គ្រឿងនិងបរិក្ខាពាក់ព័ន្ធគ្រឿងសព្វាវុធ ផ្សេងទៀត ។ នេះគឺតបតាមការបញ្ជាទិញរបស់កោះតៃវ៉ាន់ក្នុងមូលហេតុបង្កើនសមត្ថភាព ការពារជាតិ ទាំងគោក និងអាកាស ហើយវាក៏បង្ហាញផងដែរពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការពារកោះតៃវ៉ាន់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN ។ សូមបញ្ជាក់ថា កាលពីខែមុនក្រសួងការបរទេសចិនបានជំរុញឱ្យអាមេរិកបញ្ឈប់ការលក់អាវុធ ឲ្យកោះតៃវ៉ាន់ និងព្រមានថា ការលក់អាវុធឱ្យកោះតៃវ៉ាន់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី អាមេរិក និងចិន ខណៈភាគីទំាងពីរកំពុងស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមពាណិជ្ជកម្ម។ទីក្រុងប៉េកាំងបានប្រាប់វ៉ាស៊ីនតោនថា តៃវ៉ាន់ជាអាណាខេត្តមួយរបស់ចិន ហើយមិនអាចកាត់ផ្ដាច់ចេញបានឡើយ ព្រមទាំងអនុវត្តឲ្យត្រឹមត្រូវនយោបាយចិនតែមួយ ខណៈប្រទេសចិនប្រកាសជំហរថា ខ្លួនមិនរុញរានឹងប្រើកម្លាំងដើម្បីគ្រប់គ្រងតៃវ៉ាន់ឡើយ។
ប្រភព៖ សារព័ត៌មាន CNN