ស្ថានទូតជប៉ុន នឹងរៀបចំការប្រឡងចម្រៀងណូដូជីម៉ាន់លើកទី១០ នៅកម្ពុជា នាថ្ងៃទី១៤ ខែកក្កដាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩​ -ស្ថានទូតជប៉ុនមានសេចក្តីសោមនស្សរីករាយសូមជម្រាបថា ក្រោមកិច្ចសហការ​ជាមួយ​មជ្ឈ​មណ្ឌលសហប្រតិប​ត្តិការកម្ពុជា-ជប៉ុន(CJCC) នឹងរៀបចំការប្រឡងចម្រៀងណូដូជីម៉ាន់លើក​ទី១០ នៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩  ចាប់ពីម៉ោង៩:៣០-១២:០០ នៅ CJCC ក្នុងអំឡុងពិធីបុណ្យតាណាបាតាឆ្នាំ២០១៩។​ នេះបើយោងតាមសេចក្ដីប្រកាស​ព័ត៌មានរបស់​ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការប្រឡងចម្រៀងណូដូជីម៉ាន់ នឹងត្រូវធ្វើឡើងជា​ការប្រកួតរវាងសាលា និងសាលា។ ក្នុងឆ្នាំនេះ បេក្ខជនចំនួន១៤រូប ឬក្រុម មកពីគឹ្រះស្ថាន​សិក្សា ឬសាកលវិទ្យាល័យចំនួន៨ នឹងប្រឡងប្រជែងដើម្បីដណ្តើមជ័យលាភីជូនសាលា​រៀងៗ​ខ្លួន។ ការប្រឡងចម្រៀងណូដូជីម៉ាន់ (ចម្រៀងភាសាជប៉ុន) ត្រូវបានប្រារព្ធ​ជារៀងរាល់​ឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តអ្នកសិក្សាភាសាជប៉ុនបានអនុវត្តន៍ ភាសាជប៉ុនតាមរយៈ​ការ​បញ្ចេញសូរសំនៀង។ លើសពីនេះទៀត ការប្រឡងនេះ​ក៏មានគោលបំណងពង្រឹង​ចំណង​មិត្តភាព និងជំរុញការយល់ដឹងអំពីគ្នាទៅវិញទៅមក រវាងប្រជាជនជប៉ុន និងកម្ពុជាតាមរយៈ​ចម្រៀងភាសាជប៉ុន។

ជាមួយគ្នានេះដែរ នៅក្នុងឱកាសដ៏សំខាន់នៃ ការប្រឡងចម្រៀងណូដូជីម៉ាន់នេះ ស្ថាន​ទូតជប៉ុនសូមគោរពអញ្ជើញប្រជាជនកម្ពុជាគ្រប់រូប ដែលមានចំណាប់អារម្មណ៍ចូលរួម និង​គាំទ្របេក្ខជនប្រឡងចម្រៀងឱ្យបានច្រើនកុះករ៕

ដោយ អ៊ុន រិទ្ធី