កិច្ចប្រជុំអន្តរក្រសួងពិនិត្យនិងវាយតម្លៃគម្រោងអាជីវកម្មថ្មអារ (ក្រានីត) របស់ក្រុមហ៊ុន មឿង សុក ខូអិលធីឌី

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ចាយ សាមិត្ដ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មថ្មអារ(ក្រានីត) ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងអាជីវកម្មថ្មអារ(ក្រានីត) របស់ក្រុមហ៊ុន មឿង សុក ខូអិលធីឌី (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ដោយក្រុមហ៊ុនទីប្រឹក្សា Envirotech Service Co., Ltd. ស្ថិតនៅ លើផ្ទៃដីទំហំ ៤០,៥០ហិកតា ដែលមានទីតាំង តំបន់វាលរវៀង ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្ដក្រចេះ ។

ប្រភពខាងលើបន្តថា ក្រោយពីមានការផ្តល់យោបល់ និងការពិភាក្សារួចមក អង្គប្រជុំបានសម្រេចដូចខាងក្រោម៖ ១. អង្គប្រជុំគាំទ្រចំពោះវត្តមាននៃគម្រោងនេះ។ ២. ក្រុមហ៊ុនត្រូវដំណើរការអាជីវកម្មថ្មអារទៅតាមអាជ្ញាប័ណ្ណរបស់ក្រសួងរ៉ែនិងថាមពល។ ៣. ក្រុមហ៊ុន ជាសមាជិកសមាគមថ្មក្រានីតកម្ពុជា ត្រូវមានផែនការចូលរួមសាងសង់ ជាផ្លូវបេតុង ឬផ្លូវកៅស៊ូ ដើម្បីបញ្ចៀសពីការហុយធូលី ដែលបង្កហេតុប៉ះពាល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយសារការដឹកជញ្ជូនថ្មអារ។ ៤. ក្រុមហ៊ុនត្រូវមានផែនការគ្រប់គ្រងអាចម៍ដីស្រទាប់លើ កម្ទេចកម្ទីថ្មដែលមិនប្រើប្រាស់សម្រាប់ផលិតកម្ម និង សំណល់ភក់ឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ព្រមទាំងសំណល់រាវដែលចេញពីការអារថ្ម និង កែច្នៃថ្មអារ ដោយធ្វើការចម្រោះដើម្បីយកទឹកទៅប្រើប្រាស់ឡើងវិញ។ ៥. នៅពេលបញ្ចប់គម្រោងក្រុមហ៊ុនត្រូវសហការជាមួយក្រសួង-មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដោយរក្សារណ្តៅនេះ សម្រាប់ស្តុកទឹកប្រើប្រាស់ជាសាធារណៈ ព្រមទាំងវិភាគគុណភាពទឹកឱ្យបានត្រឹមត្រូវមុននឹងប្រគល់ទៅឱ្យប្រជាពលរដ្ឋ ។

ប្រភពដដែលបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ លោក លោកស្រី តំណាងអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល) ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធា  រណការនិងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការ DPA មន្ទីរបរិស្ថានខេត្ត ក្រចេះ និងតំណាងនាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា ៕

ដោយ ពេជ្រ ណារិទ្ធ