អភិបាលខេត្តកណ្តាល បើកការដ្ឋានកសាងផ្លូវបេតុង១ខ្សែនៅ ស្រុកកៀនស្វាយ

AKP កណ្តាល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ -នៅថ្ងៃអង្គារ​ ៨កើត ខែអាសាឍ ឆ្នាំកុរ​ ឯកស័ក​ ព.ស.​ ២៥៦៣​ ត្រូវនឹង ថ្ងៃទី០៩ ខែកក្ក ដា ឆ្នាំ២០១៩​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្តកណ្តាល បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែមានប្រវែង​ ៤.៤៩៥ម៉ែត្រ​​ ឆ្លងកាត់ឃុំ៣ គឺ ឃុំគគីរ​ ឃុំឈើទាល​ និង ឃុំបន្ទាយដែក​ ស្រុកកៀនស្វាយ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ១.៦០០នាក់។

ឯកឧត្តម ម៉ៅ​ ភិរុណ​ មានប្រសាសន៍ថា  ផ្លូវបេតុងដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និង ការសម្រេចចិត្តយ៉ាងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ក្នុងការជួយលើកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជួយសម្រួល និងដោះស្រាយបញ្ហាខ្វះនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរស្រុក និង កងកម្លាំងមានសមត្ថកិច្ចត្រូវខិតខំពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់ ត្រូវលុបបំបាត់ឱ្យបាននូវរាល់បញ្ហាអសកម្មនានានៅក្នុងមូលដ្ឋាន ដូចជា បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ចោរកម្មជាដើម និងត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋដោយស្មើភាពគ្នា មិនត្រូវប្រកាន់បក្សពួកឡើយ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរម្លឹកដល់ សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ជាពិសេស សិស្សថ្នាក់ទី១២ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមខ្លួនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះឱ្យទទួលបានជោគជ័យ  គ្រប់ៗ គ្នា៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តកណ្តាល)