អន្តរក្រសួងពិនិត្យនិងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងអាជីវកម្មថ្មអារ (ថ្មក្រានីត)

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៩ -ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការក្រសួង បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) សម្រាប់គម្រោងអាជីវកម្មថ្មអារ(ថ្មក្រានីត)។   ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានបន្តឱ្យដឹងថា គម្រោងអាជីវកម្មថ្មអារ(ថ្មក្រានីត)លើផ្ទៃដីទំហំ ៤០ហិកតា ស្ថិតនៅក្នុងតំបន់វាលល្វៀង ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ របស់ក្រុមហ៊ុន ហ្គោលដេន អេវើរីស អ៊ីនធើណេសិនណល ខូ អិលធីឌី ដែលត្រូវបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA)ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ីនវ៉ាយរ៉ូថេក សឺវីស ខូ អិលធីឌី(Envirothech Service Co., Ltd)។

ប្រភពខាងលើបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល)ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងមន្ទីរបរិស្ថានខេត្ដក្រចេះ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន ហ្គោលដេនអេវើរីស អ៊ីនធើណេសិនណល ខូ អិលធីឌី និងក្រុមហ៊ុនទីប្រឹក្សា ជាច្រើននាក់ផងដែរ។

ក្រោយពីបានពិនិត្យនិងជជែកពិភាក្សារួចមក អង្គប្រជុំបានសម្រេចលទ្ធផលដូចខាងក្រោម៖ ១- គាំទ្រចំពោះការបង្កើតគម្រោងអាជីវកម្មថ្មអារ(ថ្មក្រានីត) របស់ក្រុមហ៊ុន ហ្គោលដេន អេវើរីស អ៊ីនធើណេសិនណល ខូ អិលធីឌី នៅខេត្តក្រចេះ ។ ២- ក្រុមហ៊ុនហ្គោលដេនអេវើរីស អ៊ីនធើណេសិនណលខូ អិលធីឌី ត្រូវបង់មូលនិធិបរិស្ថាន និងសង្គម ០.៦៥ដុល្លារអាម៉េរិក ក្នុងមួយម៉ែតត្រីគុណ នៃបរិមាណថ្មដែលផលិតបាន ឬ បង់ទៅតាមការកំណត់របស់ក្រសួងបរិស្ថាន។ ៣- ក្រុមហ៊ុនហ្គោលដេន អេវើរីស អ៊ីនធើណេសិនណល ខូអិលធីឌីត្រូវគ្រប់គ្រងសំណល់រឹង-រាវ ជាពិសេសសំណល់រឹង ដូចជា កម្ទេចថ្ម ឱ្យបានត្រឹមត្រូវតាមស្ដង់ដារណែនាំរបស់ក្រសួងបរិស្ថាន និងត្រូវធ្វើអាងប្រព្រឹត្តិកម្មស្តុកទឹកកខ្វក់ឱ្យបានសមស្របទៅនឹងទំហំអាជីវកម្ម ។ ៤- ក្រុមហ៊ុនហ្គោលដេន អេវើរីស អ៊ីនធើណេសិនណល ខូអិលធីឌី ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើមី្បបញ្ចូលមតិណែនាំលម្អិតដែលនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានផ្តល់ជូន និងបន្ថែមនូវរាល់មតិណែនាំរបស់អន្តរក្រសួងក្នុងកិច្ចប្រជុំនេះ ទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមដំបូងឱ្យបានត្រឹមត្រូវ ៕

ដោយ ពេជ្រ ណារិទ្ធ