ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជាចង់បានការវិនិយោគច្រើនថែមទៀតពីអាម៉េរិក ដើម្បីជួយបង្កើត​ការងារ និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា កម្ពុជាចង់បានការវិនិយោគបន្ថែមកាន់តែច្រើនពីអាម៉េរិក ដើម្បីធ្វើពិពិធកម្មបង្កើតការងារ និង បង្កើនតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីតភ្ជាប់កម្ពុជាទៅកាន់ខ្សែសង្វាក់ផលិត កម្មនៅតំបន់ និងពិភពលោក ជាពិសេសការផ្ទេរនូវចំណេះដឹង បច្ចេកវិទ្យា នវានុវត្តន៍ និង​សហគ្រិនភាពជាដើម។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការនេះ​ធ្វើ​ឡើង​ ក្នុង​ខណៈទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោក Alexander Feldman និងលោក Michael W. Wichalakកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តម វង្សី វិស្សុត បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុម​ប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ានទាំងអស់ ហើយឯកឧត្តម និងសហការីនៃក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មានសេចក្តីសោមនស្សរីករាយ ក្នុងការពិភាក្សាលើបញ្ហានានា ដែលជាសំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនអាម៉េរិកដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ក៏ដូចជា​ដើម្បីទាក់​ទាញការវិនិយោគថ្មីពីអាម៉េរិកបន្ថែមទៀត ក្នុងគោលដៅពង្រឹង និងលើកកម្ពស់កិច្ច​សហប្រតិ​បត្តិការរវាងប្រទេសទាំងពីរឱ្យដល់កម្រិតមួយថ្មីទៀត ដើម្បីផលប្រយោជន៍ទាំងសងខាង ក្នុង​រយៈពេលវែង។ ឯកឧត្តមបានបន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជាបាន និងកំពុងបន្តរីកចម្រើន​ទៅមុ​ខយ៉ាងលឿន។ ប៉ុន្តែនិន្នាការនិងភាពមិនប្រកដប្រជាមួយចំនួនក្នុងពិភពលោក និងតំបន់ បាននាំមកនូវទាំងកាលានុវត្តភាព ទាំងហានិភ័យ និងបញ្ហាប្រឈមមកជាមួយគ្នាផងដែរ។ ឯកឧត្ដមបានលើកឡើងថា កម្ពុជាមានការប្តេជាចិត្តខ្ពស់ក្នុងការជម្នះ ឱ្យបាននូវរាល់បញ្ហា​ប្រឈមទាំងនេះ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍ប្រទេសឱ្យទាន់ចរន្តក្នុងតំបន់ និងនាំប្រទេសកម្ពុជា ឱ្យ​ឈាន​ទៅដល់កម្រិតនៃការអភិវឌ្ឍថ្មីមួយទៀត។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងបន្តជំរុញ​កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយបរិយាប័ន្ន សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ដោយជំរុញបង្កើនពិពិធកម្ម និងភាពប្រកួតប្រជែងសេដ្ឋកិច្ច តាមរយៈវិធានការអន្តរាគមន៍​ចំនួន៤ធំៗរួមមាន៖ ១.វិធានការស្រូបយកការប៉ះទង្គិចផលវិបាកពីវិបត្តិណាមួយជាយថាហេតុ ២.វិធានការដោះស្រាយបញ្ហារចនាសម្ព័ន្ធ ក្នុងនោះមានការបង្កើនភាពប្រកួតប្រជែង តាមរយៈ ការកាត់បន្ថយថ្លៃដើម ជាពិសេសការផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអគ្គិសនី, ការធ្វើពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើពិពិធកម្មទំនិញ និងទីផ្សារ ៣.វិធាន​ការរក្សា​ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលមានទាំងគោលនយោបាយសារពើពន្ធ និងគោលនយោបាយ​រូបិយវត្ថុ, និង ៤.បង្កើនប្រសិទ្ធភាពក្នុងវិស័យសាធារណៈ ដើម្បីកសាងរដ្ឋបាលសាធារណៈ​មួយ ដែលកាន់តែស្អាតស្អំ, ឆ្លាតវៃ និងខ្លាំងពូកែមានសមត្ថភាពខ្ពស់ (A Cleaner, Smarter & Stronger Government)។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរអំពីសក្តានុពល និងការទាញយកធន​ធានប្រេងកាតក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា ដែលបានលើកឡើងដោយក្រុមហ៊ុន Conoco​Phillips។ ក្រៅពីការផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ ឯកឧត្តម វង្សី វិស្សុត ក៏បានលើកទឹក​ចិត្តដល់​ក្រុមហ៊ុន GE ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជាផងដែរ។

ក្នុងជំនួបនេះដែរ ក៏មានមតិលើកឡើង និងចំណាប់អារម្មណ៍ របស់តំណាងក្រុមហ៊ុន VISA, MASTERCARD, AMAZON, Facebook និង ORACLE ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល, E-Commerce, E-Payment System និង Cloud Policy ជាដើម។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំក្រប​ខ័ណ្ឌ​គោលនយោបាយស្តីពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដែលជាក្របខ័ណ្ឌគោលនយោបាយ​វែង សម្រាប់នាំកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល នៅក្នុងរយៈពេលពី១៥ ទៅ ២០ឆ្នាំ​ខាងមុខ។ ឯកឧត្តមបានឱ្យដឹងទៀតថា អាទិភាពដំបូងគេនៅក្នុងក្របខ័ណ្ឌនេះ គឺការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចឌីជីថល ពិសេសវិស័យអគ្គិសនី និងការតភ្ជាប់ផ្នែកឌីជីថលនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក៏ដូចជាការបង្កើតនូវប្រព័ន្ធអេកូ (Ecosystem) សម្រាប់ជំរុញដល់សកម្មភាពសេដ្ឋកិច្ចនានា នៅក្នុងសេដ្ឋកិច្ចឌីជីថល។ ទន្ទឹម​នេះ កម្ពុជាក៏នឹងជំរុញសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិច E-Commerce ឱ្យបានខ្លាំងក្លា​ថែមទៀត ព្រោះបច្ចុប្បន្ននៅមានចំណែកតូចនៅឡើយ តាមរយៈការរៀបចំក្របខ័ណ្ឌនីតិកម្ម រួមទាំងគោលនយោបាយពន្ធដារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ទាំងផ្នែករឹង និងទន់ ដូចជា National Payment Platform ជាដើម។ ដោយឡែកពាក់ព័ន្ធចំពោះការលើកឡើងពាក់ព័ន្ធ​នឹងការបញ្ឈប់ការនាំចូលប្រេងតាមផ្លូវគោក ខាងភាគីកម្ពុជាបានស្នើសុំឱ្យមានការយោគយល់ ព្រោះការដាក់ចេញនូវវិធានការទាំងនេះ គឺដើម្បីពង្រឹងការប្រមូលចំណូល ក៏ដូចជាពង្រឹង​ប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពីរត់គេចពន្ធ។

ឯកឧត្តមបានបន្ដទៀតថា ក្រុមហ៊ុនមួយចំនួនអាចជួបប្រទះនូវការលំបាកខ្លះក្នុងរយៈ​ពេល​​ខ្លី តែការដាក់ចេញនូវវិធានការទាំងនេះ នឹងជួយលើកកម្ពស់អនុលោមភាពពន្ធ និងការ​ប្រកួតប្រជែងដោយស្មើភាពនៅក្នុងរយៈពេលវែង។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងយកចិត្តទុកដាក់នូវសំណូមពរទាំងនេះ ទន្ទឹមនឹងការខិតខំធានា​ឱ្យ​មាន​​​​នូវបរិយាកាសវិនិយោគអនុគ្រោះ និងផ្តល់ប្រព្រឹត្តកម្មដោយស្មើភាពដល់ក្រុមហ៊ុន​ទាំងអស់៕

ដោយ គង់ សិរីរ័ត្ន