កម្ពុជា និងអាម៉េរិក ចុះអនុស្សរណៈយោគយល់គ្នា​ដើម្បីពង្រឹងកិច្ចការពារសន្តិសុខ​ស្ថានទូត​សហរដ្ឋអាមេរិកនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ — អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្ថានបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បាន​ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចការពារសន្តិសុខស្ថានទូតអាម៉េរិក នៅក្នុង​ប្រទេស​កម្ពុជា។ ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាមួយនឹងប្រធានសន្តិសុខតំបន់របស់​ស្ថានទូត​អាម៉េរិកលោក Timithy Pittman កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ រម្លឹក​អំពីកិច្ចសហប្រតិបត្តិការល្អរវាងនគរបាលជាតិកម្ពុជា និងស្ថានបេសកកម្មការទូតសហរដ្ឋ អាមេរិក​ប្រចាំកម្ពុជា ទាំងមុន និងក្រោយការចុះអនុស្សរណៈកន្លងមក។ ឯកឧត្តម នាយឧត្តម សេនីយ៍អគ្គស្នងការនគរបាលជាតិ បានជំរុញឱ្យកិច្ចសហប្រតិបត្តិការល្អរវាងគ្នានេះ ជាបន្ត​ថែមទៀត ជាពិសេសការផ្តល់ព័ត៌មានរវាងភាគីទាំងពីរតាមរយៈ Hotline ពាក់ព័ន្ធរាល់ចំណុច​សង្ស័យនានា ឬព័ត៌មានផ្សេងៗដែលបម្រើផលប្រយោជន៍ នៃកិច្ចការពារសន្តិសុខ៕

ដោយ ចាន់ សុធីវង្ស