អ្នកបុរាណវិទ្យារកឃើញប្រាសាទថ្មីរហូតដល់៤០ នៅអតីតក្រុងសម្ភុបុរៈ ក្នុងខេត្តក្រចេះ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ — អ្នកបុរាណវិទ្យាបានប្រកាសថា ពួកគាត់បានរកឃើញទីតាំងប្រាសាទថ្មីទៀតរហូតដល់ ៤០ ប្រាសាទ ដែលមិនទាន់មាននៅក្នុងបញ្ជីប្រាសាទដែលកត់ត្រាដោយបារាំង។ លោកសាស្ត្រាចារ្យបណ្ឌិត ធុយ​ ចាន់ធួន អ្នកស្រាវជ្រាវបុរាណវិទ្យានៃរាជបណ្ឌិត្យ សភាកម្ពុជាមានប្រសាសន៍កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងពេលដែល លោកធ្វើបាឋកថា នៅពុទ្ធសាសនបណ្ឌិត្យនិយាយពី «របកគំហើញភស្តុតាងថ្មីនៅក្រុង សម្ភុបុរៈ» នៃអាណាចក្រចេនឡា នៅលើទឹកដីខេត្តក្រចេះបច្ចុប្បន្ន។

លោកសាស្ត្រាចារ្យបណ្ឌិតបានបន្តទៀតថា ក្រុមការងារស្រាវជ្រាវរបស់លោកបានចុះ ធ្វើការស្រាវជ្រាវតាំងពីខែមករា រហូតមកដល់ខែកក្កដា ឆ្នាំ២០១៩ នេះបានរក ឃើញប្រាសាទ ថ្មីរហូតដល់ទៅ៤០ប្រាសាទ ប៉ុន្តែអ្វីដែលក្រុមការងាររបស់លោក មានការសោកស្តាយនោះ ទីតាំងប្រាសាទជាច្រើនត្រូវបានក្លាយទៅជាដីកសិកម្ម និងកន្លែងខ្លះទៀតត្រូវបានជនខិលខូច ជីករកកំណប់រហូតដល់ខ្ទេចប្រាសាទអស់៕

ដោយ ណយ នឿន