អ្នកនាំពាក្យក្រសួងអប់រំ៖ ការកាត់បន្ថយមុខវិជ្ជាប្រឡង ក្នុងឆ្នាំនេះ ដើម្បីបន្ថយបន្ទុក និងការខ្វល់ខ្វាយរបស់បេក្ខជន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថា ការកាត់បន្ថយមុខវិជ្ជា ប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្នុងឆ្នាំនេះ គឺដើម្បីកាត់បន្ថយបន្ទុក និងការខ្វល់ ខ្វាយរបស់បេក្ខជនក្នុងការប្រឡងម្តងៗ។

ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ប្រាប់​ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងនៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ថា ការ​កាត់មុខវិជ្ជាប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុង ឆ្នាំ២០១៩នេះពីចំនួន១០ មុខវិជ្ជា​មក​ចំនួន៧មុខវិជ្ជា ក្រសួងបានអនុវត្តន៍ចាប់តាំងពីឆ្នាំ២០១៤មក នៅពេលក្រសួងបានចាប់ផ្តើម​ធ្វើកំណែទម្រង់ប្រឡងមកម្ល៉េះ។ ឯកឧត្ដមបានលើកឡើងថា “ការកាត់បន្ថយចំនួនមុខ វិជ្ជា ប្រឡងក្នុងគោលបំណងបន្ថយបន្ទុក និងការខ្វល់ខ្វាយរបស់បេក្ខជនពីការប្រឡងរយៈពេល ២ថ្ងៃកន្លះ មកនៅត្រឹមរយៈពេល២ថ្ងៃ និងពី១០មុខវិជ្ជា មកនៅត្រឹម៧ មុខវិជ្ជា។ ចំណុចនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់គុណភាព នៃការសិក្សាទេ ដោយសិស្សទាំងអស់បានពង្រឹង​សមត្ថភាព​តាមរយៈ ការប្រឡងឆមាសគ្រប់មុខវិជ្ជារួចហើយ។”

ឯកឧត្ដមបានបន្ថែមថា ការប្រឡងនេះគឺជាការវិនិច្ឆ័យលើកម្រិតសមត្ថភាព ចំណេះ​ដឹងរបស់បេក្ខជនដោយឈរលើគោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព​និងលទ្ធផល​ទទួល​យកបាន។

សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩​ខាងមុខនេះ​ដែលត្រូវបានក្រសួងអប់រំ បែងចែកជាពីរផ្នែកគឺផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម​រួមមានមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា(ភាសាបរទេស, គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។ ចំណែកផ្នែកវិទ្យាសាស្ត្ររួមមាន មុខវិជ្ជា ប្រវត្តិ​វិទ្យា, ជីវវិទ្យា, គីមីវិទ្យា, ភាសាបរទេស, អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា៕

ដោយ ប៊ុនរិទ្ធ