លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន ៣៣វត្ត

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកឧកញ៉ា ផែ ហុកឈួន លោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ព្រមទាំងពុទ្ធបរិស័ទ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន៣៣វត្ត នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាដែលពិធីនេះត្រូវបានប្រារព្ធធ្វើរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ការចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់ អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥ កើត ខែអស្សុជ។ ការបញ្ញត្តិឱ្យមានការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណង ចង់ឱ្យព្រះសង្ឃ មានភាពងាយស្រួលក្នុងរដូវវស្សារយៈពេលបីខែនេះ ដែលជារដូវភ្លៀង ធ្លាក់ជោកជាំ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

លោកជំទាវបានបន្ដថា  ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំឱ្យឈប់ សម្រាកនៅទីណាមួយ ឬក្នុងវត្តអារាមណាមួយក្នុងរយៈពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្តែង ធម៌ជាដើម ដោយតាំងចិត្តត្រឡប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។ តាមទម្លាប់ពុទ្ធបរិស័ទ តែងតែនាំយកនូវទេយ្យទាន ដូចជា បច្ច័យ អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់សាដក និងគ្រឿងសម្ភារដដៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គក្នុង អំឡុងពេលនៃការចូលព្រះវស្សានេះ។ ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឃផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀន គឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើន ដោយអំពើល្អ សេចក្តីល្អ ហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេលបីខែ។ មួយវិញទៀតទៀននេះ ជាការជួយដល់វត្តអារាមក្នុងការប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ៕

ដោយសួស សំរិត