គយកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយអន្តរជាតិ និងកិច្ចប្រជុំត្រួត ពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩​ — គណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំ ដោយ​​ឯក​ឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអញ្ជើញទៅចូលរួម សន្និបាតប្រចាំឆ្នាំរបស់ក្រុមប្រឹក្សា កិច្ចសហប្រតិបត្តិការគយពិភពលោក លើកទី១៣៣/១៣៤ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅលេខាធិការដ្ឋានកណ្តាលអង្គការគយពិភពលោក នាទីក្រុងព្រុច សែល ប្រទេសបែលហ្ស៊ិក។​ សន្និបាតនេះ ដឹកនាំដោយ លោក Enrique Canon ប្រធាន​ក្រុម​ប្រឹក្សា  ដោយមានការ​ចូលរួម​ពី​អគ្គនាយកគយនិង​គណៈប្រតិភូ ​នៃប្រទេស​ជា​សមាជិក​ចំនួន១៨៣, តំណាង​វិស័យ​ឯកជន, និង​អ្នកសង្កេតការណ៍អន្តរជាតិ​សំខាន់​ផ្សេងៗ​ជាច្រើន​ទៀត។​ ក្នុងកិច្ចប្រជុំនេះ អង្គការគយពិភពលោក​បាន​កំណត់​យកប្រធានបទ “ព្រំដែនវៃឆ្លាត​សម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើដំណើរ និងការដឹកជញ្ជូន”​ជាប្រធានបទរបស់WCO សម្រាប់ឆ្នាំ២០១៩។ លោក Kunio Mikuriya អគ្គលេខាធិការអង្គការគយពិភពលោក  បានគូស​បញ្ជាក់ពី​យុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមថ្មីៗ របស់អង្គការគយពិភពលោក ដោយរួមមាន សន្តិសុខ​និង​កិច្ច​សម្រួលពាណិជ្ជកម្ម, ការវាស់វែងលទ្ធផល, ស្វ័យប្រវត្តិកម្មនីតិវិធីគយ​ និងសហប្រតិបត្តិ ការ​គយ, ប្រព័ន្ធគ្រប់គ្រងហានិភ័យ, ពាណិជ្ជកម្មអេឡិចត្រូនិក, និងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងនីតិវិធីគយ និងប្រតិបត្តិការគយ ជាពិសេស​ការប្រើប្រាស់ទិន្នន័យធំ ​(Big Data) ប្រមូល​ទិន្នន័យ វិភាគទិន្នន័យ និងការចែករំលែកផ្លាស់ប្តូរទិន្នន័យ។ លោកបានបន្ដថា សន្និបាតនេះ​ក៏បានពិភាក្សា​អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៨-២០១៩ និងបានលើក​ឡើង​​​នូវ​ផែនការសកម្មភាពឆ្នាំ២០១៩-២០២០ ព្រមទាំងការបង្កើតយន្តការវាយតម្លៃ​ការអនុវត្ត​តាមរយៈ​ការកំណត់​សូចនាករ​វាស់ស្ទង់​សម្រាប់ការងារនីមួយៗ។

សូមបញ្ជាក់ថា ប្រធានបទសំខាន់ៗមួយចំនួនរួមមាន៖ ១. ឧត្តមភាព​ប្រកួត​ប្រជែង​សេដ្ឋ​កិច្ច (Economic Competitiveness) ២. អនុលោមភាពនិងការអនុវត្តច្បាប់ ៣.ការវិភាគ​ទិន្នន័យ និងអភិបាលកិច្ច ៤.​ ការពិនិត្យឡើងវិញនូវ​អនុសញ្ញាក្យូតូ​ដែលបានកែសម្រួល (Revised Kyoto Convention) និងការគ្រប់គ្រងពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce)  ៥.ការ​បណ្តុះបណ្តាលធនធានមនុស្ស និង៦.ផែនការយុទ្ធសាស្រ្ត​ថ្មីឆ្នាំ២០១៩-២០២២។

ទន្ទឹមនេះ អង្គសន្និបាតក៏បានសា្តប់របាយការណ៍ និងពិភាក្សាលើការងារបច្ចេក​ទេស​គយ ដូចជា វិធានដើមកំណើតទំនិញ​ ការកំណត់តម្លៃគិតពន្ធគយ និងការកែសម្រួលប្រព័ន្ធ ចំណាត់ថ្នាក់ទំនិញសម្រាប់ឆ្នាំ២០២២ អនុលោមភាព​និងកិច្ចសម្រួល​ពាណិជ្ជកម្ម និងការ​កសាង​សមត្ថភាព។ លោកបានបន្ថែមថា ក្នុងអង្គសន្និបាតក៏បានអនុម័ត សេចក្តីណែនាំរួមគ្នា​រវាង​​អង្គការគយ​ពិភព​​លោក ​និងសហភាពប្រៃសណីយ៍សកល (Joint UPU-WCO Guidelines)  ស្តីពីការផ្លាស់ប្តូរទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិកជាមុនរវាងស្ថាប័នគយ និង​ប្រៃសណីយ៍។ ជាមួយគ្នានេះ អង្គសន្និបាតក៏បានបោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសរើស​តំណែង​ប្រធានក្រុមប្រឹក្សា, តំណែង​ប្រធាននាយកដ្ឋាន អនុលោមភាពនិងកិច្ចសម្រួល ពាណិជ្ជកម្ម,​ និងតំណែងប្រធាននាយកដ្ឋាន​កសាងសមត្ថភាព។

លោកអគ្គលេខាធិការបានអំពាវនាវឱ្យរដ្ឋបាលគយពង្រឹងតួនាទីនិងភាពជាអង្គភាពដឹកនាំរបស់គយក្នុងការគ្រប់គ្រងព្រំដែន ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការគ្នា​ ដើម្បីដោះ​ស្រាយបញ្ហាប្រឈមថ្មីៗរួមមាន៖ ការប្រយុទ្ធ​ប្រឆាំង​អង្គការឧក្រិដ្ឋកម្មអន្តរជាតិ, វិបត្តិនៃ​ពហុ​ភាគីនិយម (Multilateralism), ការលាងសម្អាតប្រាក់​,​ បច្ចេកវិទ្យានិងភ័ស្តុភារ ជាពិសេស​ពាណិជ្ជកម្មអេឡិចត្រូនិក និងប្រតិបត្តិការឌីជីថលឆ្លងកាត់ព្រំដែន ។

ក្នុងឱកាសនេះដែរ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏បានឆ្លៀត ឱកាស​ប្រជុំទ្វេភាគី​ជាមួយ​គណៈប្រតិភូ នៃមូលនិធិរូបិយវត្ថុអន្តរជាតិដឹកនាំដោយលោក Janos NAGY  អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីជំនួយបច្ចេកទេសក្នុង​ការ​រៀបចំយុទ្ធ សាស្រ្តអនុលោមភាពនិងអនុវត្តន៍ច្បាប់, យុទ្ធសាស្រ្តបច្ចេកវិទ្យាព័ត៌មាន, និងការអនុវត្ត កិច្ច​ព្រម ព្រៀង​កិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក និងបានជួបពិភាក្សា​ការងារជាមួយ​តំណាង​រដ្ឋបាលគយ Belarus ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបាន​ឯកភាព គ្នាចាប់ផ្ដើម​រៀបចំ​សេចក្ដីព្រាង​អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការ ជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ។​

ឯកឧត្តមបណ្ឌិត​ គុណ ញឹម បានបន្តដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំត្រួតពិនិត្យ​ឡើងវិញ​ជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភព លោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកក្កដា ២០១៩។ កិច្ចប្រជុំនេះ បាន​ផ្តោត​លើប្រធានបទគន្លឹះមួយចំនួនដូចជា ការចាប់ឱកាសពិពិធកម្មសេដ្ឋកិច្ច,​ ជំនួយសម្រាប់ការផ្លាស់ប្តូរឌីជីថល បង្កើនវិនិយោគនិងការងារ និងកាត់បន្ថយ​គម្លាត​យេនឌ័រ, បង្កើតតម្លៃបន្ថែម​នៅកន្លែង​​សម្រាប់​​វិស័យ​ទេសចរណ៍​ដែលជាមូលដ្ឋាន សម្រាប់ពិពិធកម្ម សេដ្ឋកិច្ច​ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​​និង​បរិយាប័ន្ន​ និងឱកាស និងបញ្ហាប្រឈមនៃ ពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោក រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយក​អង្គការ ពាណិជ្ជកម្មពិភពលោក សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំ និងត្រូវបានផ្តល់កិត្តិ យសឡើងថ្លែងសុន្ទរកថាគន្លឹះ​ក្នុងកម្មវិធី​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យឡើង​វិញ​ជាសកលលើកទី៧ លើជំនួយសម្រាប់ពាណិជ្ជកម្ម៕

ដោយ អ៊ុន រិទ្ធី