ក្រសួងការងារ និង GIZ រួមគ្នាអនុវត្តន៍គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីអាស៊ី

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា

ភ្នំពេញ៖ ក្រសួងការងារ និងអង្គការ GIZ រួមគ្នាអនុវត្តន៍គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និង កាត់ដេរនៅទ្វីបអាស៊ី ដើម្បីលើកកម្ពស់ការងារវាយនភណ្ឌ និង កាត់ដេរឲ្យកាន់តែមានភាពល្អប្រសើរ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងអង្គការGIZ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការអនុវត្តកម្មវិធី“គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និង កាត់ដេរនៅទ្វីបអាស៊ី”(GIZ, FABRIC)នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយចុះហត្ថលេខាដោយ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកបណ្ឌិត Guenter Riethmacher នាយកGIZ ប្រចាំប្រទេសកម្ពុជា ។
ឯកឧត្ដម ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺក្នុងគោលបំណង ដើម្បីគាំទ្រដល់បណ្តាស្ថាប័នរដ្ឋនិងឯកជនដើម្បីផ្លាស់ប្តូរព័ត៌មាន កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ថ្នាក់ជាតិ និងកម្រិតសហគ្រាស គ្រឹះស្ថាន ដើម្បីពង្រឹងអនុលោមភាពតាមបទដ្ឋានសង្គម និងការងារដូចមានចែងនៅក្នុងច្បាប់ស្តីពីការងារនៅព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន និងធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រនៅកន្លែងធ្វើការ។
ឯកឧត្តមបានបញ្ជាក់ថា តាមរយកិច្ចព្រមព្រៀងអនុវត្តគម្រោងនេះ គឺអង្គការGIZជាអ្នក ផ្តល់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងប្រព័ន្ធអធិការកិច្ចការងារនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព តម្លាភាព ប្រសិទ្ធភាព និងទទួលបានការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្ដមបានបញ្ជាក់ថា ភាគី GIZ ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការនេះដើម្បីឈានសម្រេចបានភាពជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារនិងបណ្តុះបណ្តាល
វិជ្ជាជីវៈ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់អង្គការ GIZ ដែលតែងតែផ្តល់ការគាំទ្រទាំងថវិការ ក៏ដូចជាអ្នកជំនាញបច្ចេកទេសជួយដល់កម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី ពេញចិត្តចំពោះការអនុវត្តគម្រោងរបស់អង្គការ GIZ ក៏ដូចជាការជួយរបស់រដ្ឋាភិបាលអាល្លឺម៉ង មកដល់កម្ពុជាពិសេសវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តកម្មវិធី“គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌនិងកាត់ដេរនៅទ្វីបអាស៊ី”(GIZ, FABRIC) នៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១ ដោយគ្រោងចំណាយថវិកាជាង ៦លានអ៊ឺរ៉ូ សម្រាប់ប្រទេសបង់ក្លាដេស, កម្ពុជា, ចិន, មីយ៉ាន់ម៉ា, ប៉ាគីស្ថាន និងប្រទេសវៀតណាម ៕