ក្រសួងសាធារណការ ចាប់ផ្ដើមបណ្ដុះបណ្ដាលអ្នកបើកបររថយន្ដធុ​នធ្ងន់ដោយឥតគិតថ្លៃ នៅកំពង់ផែស្វយ័ត​ភ្នំពេញ និងក្រុងព្រះសីហនុ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ -ដើម្បីចូលរួមដោះស្រាយបញ្ហាដែលកើតឡើងចំពោះរថយន្ដធុនធ្ងន់ដែលចូលដឹកទំនិញនៅ ក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមិនមានឯកសារ​គ្រប់​គ្រាន់ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាពិសេសអ្នកបើកបរមិនមានប័ណ្ណបើកបរនោះ ក្រសួង​សាធារណការ និងដឹកជញ្ជូន​បានរៀប​ចំ​បើកវគ្គបណ្ដុះបណ្ដាលដល់អ្នកបើកបររថ​យន្ដ ធុនធ្ងន់ដោយឥតគិតថ្លៃ នៅកំពង់ផែទាំងពីរនេះតែម្ដង ចាប់ពីសប្ដាហ៍នេះតទៅ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមេសា និង​ខែឧសភា ឆ្នាំ២០១៩ កាលពីថ្ងៃទី០៨ ខែកក្កដានេះ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានមាន ប្រសាសន៍ថា នេះជាវិធានការ ដើម្បីដោះស្រាយបញ្ហារថយន្ដធុនធ្ងន់ចូលដឹកទំនិញនៅតាម កំពង់ផែស្វយ័តភ្នំពេញ និងក្រុងព្រះសីហនុ ដោយក្រសួងបានរៀបចំវគ្គបណ្ដុះបណ្ដាល ដល់ អ្នកបើកបររថយន្ដធុនធ្ងន់ក្នុង១វគ្គចំនួន៥០នាក់ រៀនរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រនៅកំពង់ផែស្វយ័តភ្នំពេញ និងនៅអាទិត្យបន្ទាប់ទៀត ត្រូវធ្វើនៅកំពង់ផែស្វយ័តក្រុង​ព្រះសីហនុ។ ឯកឧត្ដមបានបញ្ជាក់ថា ក្រសួងសាធារណការ ក៏បានយករថយន្ដឆៀក​ចល័ត​ចំនួនពីរគ្រឿង ដាក់នៅកំពង់ផែស្វយ័យភ្នំពេញ ដើម្បីងាយស្រួលដល់ម្ចាស់យានយន្ដ​ដែល​ចង់ឆៀក គឺឆៀកនៅនឹងកន្លែងតែម្ដង ក្នុងការសម្រួលកុំឱ្យមានការពិបាកយកឡានមកឆៀក នៅមជ្ឈមណ្ឌលឆៀករថយន្ដរបស់ក្រសួង។ ទន្ទឹមនេះ ជាវិធានការបន្ទាប់មកទៀត ក្រសួងក៏​បានស្នើឱ្យមជ្ឈមណ្ឌលឆៀករថយន្ដចំនួន៥កន្លែងនៅក្នុងរាជធានីភ្នំពេញ ចាប់បើកពីម៉ោង៨​ព្រឹក រហូតដល់ម៉ោង១០យប់ ធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីទទួលរថយន្ដដឹកទំនិញធំៗ​ដែលមកឆៀក ក្នុងការជួយសម្រួលការកកស្ទះ ខណៈពេលម្ចាស់រថយន្ដចង់យករថយន្ដ​មកឆៀកនោះ។ ឯកឧត្ដមបានបន្ដថា នេះគឺជាការយោគយល់ និងជួយសម្រួលដល់ផ្នែក​ឯកជន ដែលមាន​រថយន្ដធុនធ្ងន់ដឹកជញ្ជូនទំនិញ ចេញ-ចូល និងឆ្លងកាត់កំពង់ផែ ហើយបញ្ហា​នេះ សង្ឃឹមថា ខាងផ្នែកឯកជន នឹងចូលរួមទាំងអស់គ្នា ក្នុងការគោរពច្បាប់ចរាចរណ៍។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏បានបន្ថែមថា ក្រសួងនៅតែបន្ដធ្វើការត្រួតពិនិត្យ រឹតបន្ដឹងការ​អនុវត្ដច្បាប់ចរាចរណ៍លើយានយន្ដដឹកទំនិញគ្រប់ប្រភេទ ហើយដរាបណាច្បាប់​ចរាចរណ៍មិន​ទាន់ធ្វើសវនកម្មនោះទេ គ្រប់ម្ចាស់យានយន្ដ និងអ្នកបើកបរទាំងអស់​ត្រូវតែគោរពច្បាប់​ចរាចរណ៍​ទាំងអស់គ្នា។ ជាមួយគ្នានេះដែរ ឯកឧត្ដមបានអះអាងដែរថា ទាំងគណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក និងអាជ្ញាធរ នឹងបន្ដរឹតបន្ដឹងច្បាប់ចរាចរណ៍ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ជាពិសេសចូលរួមទប់ស្កាត់កុំឱ្យខូចខាតផ្លូវថ្នល់ ដែលបណ្ដាលមកពីការដឹកជញ្ជូន​ទំនិញ​​លើស​ទម្ងន់កំណត់។

សូមរម្លឹកថា កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ ក្រសួង​សាធារណការ និងដឹកជញ្ជូន សហការជាមួយសមត្ថកិច្ចនគរបាល បានធ្វើការរឹតបន្ដឹងការ​ត្រួត​ពិនិត្យយាន្ដយន្ដដឹកទំនិញធុនធ្ងន់ នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុង​ព្រះសីហនុ  ដែលជាលទ្ធផលគឺបានពិនិត្យលើរថយន្ដ​ប្រមាណជិត២.០០០គ្រឿង ក្នុងនោះ​រកឃើញ១១ភាគរយ ខុសលក្ខណៈបច្ចេកទេស និងមិនមានឯកសារត្រឹមត្រូវ ហើយប្រមាណ​៩០ភាគរយ គឺមានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ៕

ដោយ អ៊ុន រិទ្ធី